តុលាការកោះហៅ លោក សម រង្ស៊ី ជាថ្មីឱ្យចូលបំភ្លឺរឿង "ប្រមាថព្រះមហាក្សត្រ"
- 2018-08-22 08:05:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តុលាការកោះហៅ លោក សម រង្ស៊ី ជាថ្មីឱ្យចូលបំភ្លឺរឿង "ប្រមាថព្រះមហាក្សត្រ"
ចន្លោះមិនឃើញ
លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ ដែលពេលនេះ កំពុងរស់និរទេសខ្លួននៅឯក្រៅប្រទេស ឱ្យចូលបំភ្លឺ នៅព្រឹកថ្ងៃទី១៣ កញ្ញា ខាងមុខនេះ ពាក់ព័ន្ធនឹងបទល្មើសប្រមាថព្រះមហាក្សត្រ។
ដីកាឱ្យចូលខ្លួនបំភ្លឺ ដែលផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២២ សីហានេះ ត្រូវបានសមត្ថកិច្ច យកទៅបិទនៅអតីតទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវគេស្គាល់ថា ជាផ្ទះរបស់លោក សម រង្ស៊ី។
ការចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសប្រមាថព្រះមហាក្សត្រនេះ ធ្វើឡើង បន្ទាប់ពីលោកសម រង្ស៊ី កាលពីខែមិថុនា បានលើកឡើងថា ព្រះរាជសារព្រះមហាក្សត្រ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ដែលអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត នាចុងខែកក្កដានោះ គឺជាព្រះរាជសារក្លែងក្លាយ និងគ្មានតម្លៃ។
ការចោទប្រកាន់លើលោក សម រង្ស៊ី ធ្វើឡើងតាមច្បាប់ថ្មី មាត្រា ៤៣៧ ស្ទួន ជំពូកទី១ នៃមាតិកាទី១នៃគន្ថីទី៤ នៃក្រមព្រហ្មទណ្ឌ ដែលចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ទនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»៕
អត្ថបទទាក់ទង៖ តុលាការ កោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺរឿង "ប្រមាថព្រះមហាក្សត្រ"