ជាង​៦០​ឆ្នាំ​ហើយ ដែល​ចម្រៀង​មួយ​បទ​នេះ​នៅ​លួង​លោម​ភរិយា​របស់​លោក​ស៊ីន ស៊ី​សាមុត រហូត​មក

  • 2018-08-23 09:43:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ពេល​លោកយាយ ខាវ ថង​ញ៉ុត ជា​ភរិយា​មាន​ផ្ទៃ​ពោះ​ជិត​គ្រប់ខែ​កូន​ដំបូង លោក ស៊ីន ស៊ី​សា​មុត មាន​​សេចក្តី​បារម្ភ​ជា​ខ្លាំង ព្រោះ​ភរិយា​ត្រូវ​ទៅ​សម្រាល​កូនឆ្ងាយ​ពី​ប្តី ។ ដើម្បី​លួង​ចិត្ត​ប្រពន្ធ លោក​សន្យា​​ថា​នឹង​តែង​បទ ចម្រៀង​១​បទ​ឱ្យ​នាង​​ស្តាប់។ ដូច្នេះ​​ហើយ នៅ​ឆ្នាំ​១៩៥៦ បទ​ចម្រៀង "​ឧត្តម​ដួង​ចិត្ត"​​​របស់​​លោក ស៊ីន ស៊ីសាមុត បាន​បន្លឺ​សំឡេង​តាម​រលក​អាកាស​របស់​វិទ្យុ​ជាតិ​កម្ពុជា ជូន​ភរិយា​របស់​គាត់​មែន​។ នេះ​បើ​តាមឯកសារ​បស់​សមាគម​ស៊ីន ស៊ី​សា​មុត។

លោកយាយ ខាវ ថង​ញ៉ុត នៅលើផ្ទះឈើរបស់ខ្លួន នាទីរួមខេត្តស្ទឹងត្រែង កាលពីឆ្នាំ ២០១៦
នៅ​ក្នុង​កិច្ច​សន្ទនា​មួយ​ ជាមួយ​ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក​ របស់​សប្បាយ លោក​យាយ​ ខាវ​ ថងញ៉ុត បាន​បញ្ជាក់​ថា​ នៅ​ពេល​នោះ​លោក​យាយ​សម្រាល​កូន​ស្រី​ច្បង​នៅ​ខេត្ត​ស្ទឹង​ត្រែង​។ ឯប្តី​របស់​លោក​យាយ​នៅ​ឯ​រាជ​ធានី​ភ្នំពេញ។ ​ លោក​យាយ​មាន​ប្រសាសន៍​ថា​ ៖«ខ្ញុំ​មក​ឆ្លង​ទន្លេ​នៅ​ស្ទឹង​ត្រែង​ ព្រោះ​អី​ចាស់​ៗ​ពី​ដើម​ ពេល​ឆ្លង​ទន្លេ​ត្រូវ​អាំង​ភ្លើង​តាម​របៀប​បុរាណ។ គាត់​ (ស៊ីន ស៊ីសាមុត) ​និយាយ​ថា​ កុំ​ឲ្យ​ខ្ញុំ​ក្តៅ​ពេល​អាំង​ភ្លើង​ ​គាត់​តែង​បទ​ហ្នឹង​ឲ្យ។​ គាត់​ប្រាប់​ខ្ញុំ​ផ្ទាល់​មាត់»។

បន្ទាប់​មក "បទ​ចម្រៀង ឧត្តម​ដួង​ចិត្ត" ត្រូវ​បាន​ថតដាក់ថាសនៅ​ឆ្នាំ ១៩៦៩ ដោយ​មាន​លោក មែ ប៊ុន ជាអ្នក​សម្រួល​តន្ត្រី​។

លោក​យាយ ខាវ ថង​ញ៉ុត​ និង​​អធិរាជ​សំឡេង​មាស​ ស៊ីន ស៊ីសាមុត​ បាន​រួមរស់​នឹងគ្នា ហើយ​បាន​ផ្តល់កំណើត​ដល់​កូន​៤​នាក់​ក្នុង​នោះ ​ស្រី​១​ និង​ប្រុស​៣។ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ តំណក់​ឈាម​ទាំង​៤​របស់​លោក​យាយ​ និងប្តី​​​ នៅ​សល់​តែ​កូន​ស្រី​ម្នាក់​គត់​ ខណៈ​កូន​ប្រុស​​៣​បាន​ស្លាប់​អស់​​ហើយ។

លោកយាយ ខាវ ថង​ញ៉ុត និង​កូនស្រី នៅលើផ្ទះឈើរបស់ខ្លួន នាទីរួមខេត្តស្ទឹងត្រែង កាលពីឆ្នាំ ២០១៦

លោក ស៊ីន ស៊ីសាមុត កើត​នៅ​ថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣២ នៅ​ទីរួមខេត្ត​ស្ទឹង​ត្រែង។ លោក​ ទទួល​មរណភាព​ក្នុង​របប​កម្ពុជាប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី ១៨ ខែ​ឧសភា ឆ្នាំ ១៩៧៦ នៅ​លើ​កោះ​ថ្មី ​ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្តាល​។

ជាង ៥០​ឆ្នាំ​ហើយ ដែល​បទឧត្តម​ដួង​ចិត្ត របស់​លោក ស៊ីន ស៊ី​សាមុត បាន​និង​កំពុង​បម្រើ អារម្មណ៍​អ្នក​ស្តាប់ និងជាពិសេស គឺលោក​ស្រី ខាវ ថង​ញ៉ុត ដែលជា​ភរិយា​ទី១​របស់​លោក ។ រលក​សម្លេង​គ្មាន​គូ​ប្រៀប​នេះ ​នៅ​តែ​ទទួល​បាន​ការ​កោត​សសើរ និង ពេញ​ចិត្ត​ពី​អ្នក​ស្តាប់​ជា​រៀង​រហូត​មក៕

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;