កំណែ​សន្លឹក​កិច្ចការ​បេក្ខជន​ប្រឡង​បាក់ឌុប ត្រូវបាន​បញ្ចប់​ទាំងស្រុង

  • 2018-08-29 07:12:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ថា ដំណើការ​កំណែ​សន្លឹក​កិច្ចការ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ២០ សីហា ២០១៨ ត្រូវបាន​បញ្ចប់​ទាំងស្រុង​ហើយ នៅព្រឹក​ថ្ងៃទី​២៩ សីហា ២០១៨ ក្រោម​ការ​បំពេញ​ភារកិច្ច​របស់​ប្រធាន អនុ​ប្រធាន​មណ្ឌល​កំណែ គណៈកម្មការ​ទាំងអស់ ព្រម​ទាំង​ការ​ចូលរួម​សង្កេត​ការណ៍​ជា​ប្រចាំ​ពី​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ផងដែរ។

សន្លឹកកិច្ចការរបស់បេក្ខជនបាក់ឌុប ដែលត្រូវបាន​ដឹកមករក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិ (រូបថត៖ ក្រសួងអប់រំ)
ក្រសួង​បាន​បន្ត​ថា បន្ទាប់​ពី​បញ្ចប់​ដំណើរ​ការ​កំណែ ប្រធាន អនុ​ប្រធាន​មណ្ឌល​ទាំង​អស់ បាន​ដឹក​សន្លឹក MCS និង​ឯកសារ​ផ្សេងៗ​មក​រក្សាទុក​នៅ​នាយកដ្ឋាន​កិច្ចការ​ប្រឡង ដើម្បី​ចាប់​ផ្ដើម​រៀប​ចំ​ដំណើរ​ការ​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ។ ដោយឡែក សន្លឹក​កិច្ចការ​របស់​បេក្ខជន ត្រូវ​បាន​ដឹក​មក​រក្សា​ទុក​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ។
សកម្មភាព​​បញ្ចូល​ពិន្ទុ​សាកល្បង​នៃ​​​អនុ​គណៈកម្មការ​បញ្ចូល​ពិន្ទុ មុន​ដំណើរ​ការ​​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ​លើ​សន្លឹក​កិច្ចការ​ប្រឡង​ (រូបថត៖ ក្រសួងអប់រំ)

សូម​បញ្ជាក់​ថា ក្រសួង​អប់​រំ នឹង​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡង៖ ២០ សីហា ២០១៨ នៅ​រសៀល​ថ្ងៃ​ទី១១ ​កញ្ញា ឆ្នាំ​២០១៨ ចំពោះ​មណ្ឌល​ប្រឡង​នៅ​ រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល។ ចំណែក​ឯ​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត នឹង​ត្រូវ​ប្រកាស​នៅ​ព្រឹក​ថ្ងៃទី១២ ​កញ្ញា ឆ្នាំ​២០១៨។

​ការ​ប្រឡង​នេះ មាន​បេក្ខជន​ បាន​ចុះ​ឈ្មោះ​ប្រឡង​សរុប​ចំនួន ១១៥ ២៦៨ នាក់ (ស្រី​ ៥៨ ១៥៨​នាក់) និង​មាន​មណ្ឌល​ប្រឡង​ចំនួន ១៨៦​ មណ្ឌល។ ក្នុងនោះ​បេក្ខជន​អវត្តមាន មាន​ចំនួន ១៨៩៩នាក់ (ស្រី ៧៤៤​នាក់) ស្មើនឹង​ ១,៦៥%៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;