Modric យកឈ្នះ CR7 និង Salah ក្លាយជា​កីឡាករ​ល្អបំផុត​នៅ​អឺរ៉ុប

  • 2018-08-31 02:20:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Luka Modric បាន​ជាប់​ជា​កីឡាករ​ល្អបំផុត​ប្រចាំ​ទ្វីប​អឺរ៉ុប ឬ UEFA Men's Player of the Year ក្រោយ​ទទួល​សំឡេង​ឆ្នោត​គាំទ្រ​លើស​បេក្ខភាព​ចុងក្រោយ​ ២រូបទៀត គឺ អតីត​មិត្ត​រួមក្រុម Cristiano Ronaldo និង​ខ្សែ​ប្រយុទ្ធ Mohamed Salah របស់​ Liverpool។

Modric ទទួលពាន UEFA Men's Player of the Year ពី​ប្រធាន UEFA លោក Aleksander Ceferin (រូបភាព៖ Reuters)
ខ្សែបម្រើ​ជម្រើសជាតិ​ក្រូអាត​រូបនេះ បាន​ជួយ​ឲ្យ Real Madrid ឈ្នះ​ពាន​ UEFA Champions League ៣រដូវកាល​ជាប់ៗ​គ្នា ហើយ​ថែម​ទាំង​ជួយ​ក្រុម​ជម្រើសជាតិ​ក្រូអាត ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ FIFA World Cup ឆ្នាំ២០១៨ ជា​ប្រវត្តិសាស្រ្ដ​ថែមទៀតផង។

សូមបញ្ជាក់ថា Modric បានពិន្ទុ​ពី​ការ​បោះឆ្នោត ចំនួន ៣១៣ពិន្ទុ ខណៈ Ronaldo ឈរ​នៅ​លេខ​២ ទទួលបាន ២២៣ពិន្ទុ និង Salah ទទួលបាន ១៣៤ពិន្ទុ។ អ្នកដែលចូលរួម​បោះឆ្នោត រួមមាន​គ្រូបង្វឹក​ ៨០រូប ដែល​ដឹកនាំ​ក្រុម​នៅ Champions League និង Europa League វគ្គ​ចែកពូល​កាលពី​រដូវកាល​មុន និង​អ្នក​កាសែត​តំណាង​ឲ្យ​ប្រទេស​សមាជិក​ FIFA នីមួយៗ ចំនួន ៥៥រូប។

គួររំលឹក​ផងដែរថា ក្រៅ​ពី Modric គឺមានតែ​កីឡាករ ៤រូប​ទៀត​ប៉ុណ្ណោះ ដែល​ធ្លាប់​ឈ្នះពាន UEFA Men's Player of the Year (ពីមុន​ឈ្មោះ UEFA Best Player in Europe Award។ កីឡាករ​ទាំង ៤រូបនោះ គឺ Cristiano Ronaldo (ឈ្នះ ៣ដង ឆ្នាំ២០១៧, ២០១៦, ២០១៤), Lionel Messi (ឈ្នះ២ដង ឆ្នាំ២០១៥, ២០១១) Franck Ribéry (ឈ្នះម្ដង ឆ្នាំ២០១៣) និង Andres Iniesta (ឈ្នះម្ដង ឆ្នាំ២០១២)៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;