អាជ្ញាធរ​រាជធានី ដាក់​ឱសានវាទ​សម្រាប់​អាជីវកម្ម​ដែលដាក់​ស្លាក​យីហោ​ជា​ភាសា​បរទេស

  • 2018-08-31 07:03:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ទុក​ឱសាន​វាទ ​សម្រាប់​​ម្ចាស់​អាជីវកម្ម ដែល​បាន​ដាក់តាំង​ស្លាក​យីហោ ជា​ភាសា​បរទេស ដូចជា​អង់គ្លេស ចិន និង​កូរ៉េ​ជាដើម ដោយ​ពុំបាន​ដាក់​អក្សរ​ខ្មែរ ឬ​អក្សរខ្មែរ​នៅពី​ខាងលើ ត្រូវ​រុះរើ​ចេញ​ក្នុងរយៈពេល ២​សប្តាហ៍។

លោក ហួត ហៃ អភិបាល​រង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា បន្ទាប់ពី​ដាក់​ឱសានវាទ​នេះ រដ្ឋបាល​រាជធានី នឹងចាត់​ក្រុម​ការងារ​ចុះ​ពិនិត្យ​មើល និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ប្រសិន​បើ​រកឃើញ​ម្ចាស់​អាជីវកម្ម​ណា ដែល​មិន​គោរព និង​អនុវត្ត​តាម​ទេនោះ។ ការ​ថ្លែងនេះ ធ្វើឡើង​​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការ​ណែនាំ និងការ​លុប​បំបាត់ ការ​ប្រើប្រាស់ ការ​ជួញដូរ និងការ​ចែកចាយ​គ្រឿងញៀន តាម​ក្លឹប​កម្សាន្ត និង​អាជីវកម្ម​ដ្ឋានក្នុង​វិស័យ​ទេសចរណ៍ នា​ព្រឹកថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៨។

ក្រៅពី​នោះ លោក ហួត ហៃ ក៏បាន​ជំរុញ​ឲ្យមាន​ការ​ស្នើសុំ​អាជ្ញាបណ្ណ​សម្រាប់​បង្កើត​អាជីវកម្ម និង​បន្ត​សុពលភាព​សម្រាប់​អ្នកដែល​បាន​ស្នើសុំ​រួចហើយ រួសរាន់​ដោយ​ទៅ​ដាក់ពាក្យស្នើសុំ​នៅតាម​ច្រកចេញ​ចូលតែ​មួយ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ត្រូវបង់​កម្រៃ​ទៅតាម​ច្បាប់​កំណត់។

សូម​រំលឹក​ថា កន្លងមក​នេះ ក្រសួង​ទេសចរណ៍ ក៏​ដូចជា​រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្លាប់បាន​ចេញ​សារាចរ​ណែនាំ អំពី​ការ​ដាក់តាំង​ស្លាក​យីហោ​អាជីវកម្មដ្ឋាន​នេះ​ផងដែរ ប៉ុន្តែ​នៅមាន​ម្ចាស់​អាជីវកម្មដ្ឋាន​មួយចំនួន​ មិនព្រម​គោរព​អនុវត្ត​តាម៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;