តុលាការ កោះហៅ​លោក គឹម សុខ ឱ្យចូល​បំភ្លឺ​ជុំវិញ​រឿង "បរិហាកេរ្តិ៍​ជា​សាធារណៈ"

  • 2018-09-03 06:22:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក លាង សំណាត់ ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញដីកា​កោះ​ហៅ​លោក គឹម សុខ ឱ្យចូល​ឆ្លើយ​បំភ្លឺ ពី​ដំណើរ​រឿង "បរិហាកេរ្ត៍​ជា​សាធារណៈ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទ៍" ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៣កុម្ភៈ ២០១៧។ ដីកា​នេះ ត្រូវបាន​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃទី​២៨ សីហា ២០១៨ និង​ទើបតែ​ដល់ដៃ​អ្នក​កាសែត​នៅថ្ងៃទី​៣ កញ្ញា​នេះ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឱ្យ​លោក គឹម សុខ ​ចូល​ឆ្លើយ​បំភ្លឺ​អំពី​ករណី​ខាងលើ​នេះ នៅព្រឹក​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨។ លោក​ចៅក្រម​ស៊ើបសួរ នឹង​ចេញ​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន ប្រសិន​បើ​លោក គឹម សុខ មិនចូល​ខ្លួន​តាមការ​កំណត់​នេះ​ទេ។

យ៉ាងណាមិញ លោក គឹម សុខ អ្នក​វិភាគ​នយោបាយ និង​សង្គម បាន​រត់គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​បាត់ហើយ កាលពី​ថ្ងៃទី៣០ ខែ​សីហា ឆ្នាំ​២០១៨។

លោក គឹម សុខ (ពាកកម្រងផ្កា) ក្រោយពេលចេញពីពន្ធនាគារ កាលពីថ្ងៃទី១៧ សីហា ២០១៨
សូម​រំលឹក​ថា កាលពី​ថ្ងៃទី​១៧ ខែ​សីហា លោក គឹម សុខ បាន​រួច​ទោស និង​ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ បន្ទាប់​ពី​លោក​អនុវត្ត​ទោស​រយៈពេល ១​ឆ្នាំ​កន្លះ ដោយ​សារ​សម្តេច​ ហ៊ុន សែន ​ប្តឹង​រូប​លោក​ថា បាន​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។

ប៉ុន្តែ​លោក ​គឹម សុខ នៅ​ជាប់​ក្នុង​សំណុំរឿង​មួយ​ទៀត​ពី​ការ​ចោទ​ថា​ រដ្ឋាភិបាល​សម្តេច ហ៊ុន សែន ​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស ​តែ​រកឃាតក​មិន​ឃើញ។ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពីថ្ងៃ​ទី​២៩​ខែ​សីហា ​អះអាង​ថា ​លោក ​គឹម សុខ នៅ​មិន​ទាន់​បង់ប្រាក់​សំណង​ចំនួន​៨០០​លាន​រៀល ឬស្មើ​នឹង​ប្រមាណ​២០​ម៉ឺន​ដុល្លារ​ ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឡើយ​ទេ​ ក្រោយ​ពេល​ចេញ​ពី​ពន្ធនាគារ​ក្នុង​សំណុំ​រឿង​ទីមួយ​នោះ៕

អត្ថបទទាក់ទង៖ លោក គឹម សុខ រត់គេច​ចេញទៅ​ក្រៅ​ប្រទេស ក្រោយ​ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;