ការ​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​ឆ្នាំ​២០១៩ អាច​នឹងចេញ​លទ្ធផល នៅក្នុង​អំឡុង​បុណ្យភ្ជុំបិណ្ឌ

  • 2018-09-03 09:23:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​ឱ្យដឹង​ថា ការ​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៩ អាច​នឹង​ចេញ​លទ្ធផល​នៅ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ឬ​ដើមខែ​តុលា ឆ្នាំ​២០១៨ខាង​មុខនេះ។ ការ​ថ្លែង​នេះ ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ អំពី​ប្រាក់ឈ្នួល​អប្បបរមា ផ្នែក​វាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់ឆ្នាំ​២០១៨ នាព្រឹក​ថ្ងៃទី៣​កញ្ញា នៅ​ទីស្តីការ​ក្រសួង​ការងារ។

លោក អ៊ិត សំហេង បាន​និយាយ​ថា គ្រប់​ភាគី​ទាំងអស់​នឹង​ពិភាក្សាគ្នា​ម្តង​ហើយ​ម្តងទៀត​រហូតទាល់​តែមាន​ការ​ឯកភាព​រួម​គ្នា​ឡើង។ លោក​រំពឹងថា កិច្ចពិភាក្សា​ប្រាក់ឈ្នួល​អប្បបរមា​នេះ នឹងមាន​ភាព​រលូន​ល្អ ពិសេស​ប្រាក់ឈ្នួល​កម្មករ អាចនឹង​បន្ត​ឡើង និង​ល្អ​ប្រសើរ​ជាង​ឆ្នាំ​២០១៨។

លោក អ៊ិត សំហេង ក្នុងកិច្ចប្រជុំគណៈកម្មការ​ប្រឹក្សា​ការងារ នាព្រឹកថ្ងៃទី៣កញ្ញា ២០១៨។ រូបថត៖ FB ក្រសួងការងារ
​ ​ បើ​តាម​លោក​ ហេង ​សួរ​ អ្នក​នាំពាក្យ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បានឱ្យដឹងថា ការកែ​សម្រួល​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ​និយោជិត​នៅ​ឆ្នាំ​២០១៩​​ធ្វើ​ឡើង​ដោយ​ផ្អែកលើ​អត្រា​បម្រែ​បម្រួល​នៃ​លក្ខខណ្ឌ​ចំនួន​៧​ចំណុច​។ ក្នុងនោះ​រួមមាន ស្ថានភាព​គ្រួសារ អត្រា​អតិផរណា ការចំណាយ​ក្នុងការ​រស់នៅ​ ផលិតភាព​ភាព​ប្រកួតប្រជែង ​ស្ថានភាព​ទីផ្សារការងារ​ ក​ម្រិ​ត​ចំណេញ​របស់​វិស័យ​ជាដើម​។​

មន្រ្តី​រូបនេះ បានឱ្យដឹង​បន្ថែមថា​ បើតាម​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​ សម្រាប់​ធាតុ​ផ្សំ​យកមក​ពិចារណា​ក្នុងការ​កំណត់​ប្រាក់​ឈ្នួល ​គឺ​ចាំបាច់​ត្រូវផ្តោត​សំខាន់​ទៅលើ​លក្ខខណ្ឌ​សេដ្ឋកិច្ច​តម្លៃ​ជីវភាព​រស់នៅ​និង​ស្ថានភាព​ជាក់ស្តែង​របស់​ប្រទេស​។​

​សូម​រំលឹក​ថា គិត​ចាប់ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ ២០១៨ រាជរដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា និង​អត្ថប្រយោជន៍​ផ្សេងៗ ដល់​កម្មករ​និ​យោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង បាន​ចំនួន​១៤​លើក​ដោយ​កើន​ពី​ ៣០​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​១៩៩៧​ ដល់​១៧០​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៨៕

កម្មការិនីក្នុងរោងចក្រកាត់ដេរមួយកន្លែង នៅរាជធានីភ្នំពេញ

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;