​មុខរបរ​បណ្តុះ​កូន​ស្វាយចន្ទី​លក់​ ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​កសិករ​

  • 2018-09-04 07:24:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រួសារ​កសិករ​ចំនួន​ពី ៦០ ទៅ ៧០ ភាគរយ​រស់នៅ​ភូមិ​ដីក្រហម ឃុំ​សូភាស ស្រុក​ស្ទឹងត្រង់​ខេត្ត​កំពង់ចាម​ បាន​នាំគ្នា​ជ្រើសរើស​យក​មុខ​របរ​បណ្ដុះ​កូន​ស្វាយចន្ទី​លក់​។ ការ​បណ្ដុះ​កូនដើម​ឈើ​នេះ​បាន​ចែកចាយ​ដល់​អតិថិជន​គ្រប់ទិសទី​ដែល​និយម​ដាំ​ដំណាំ​ឧស្សាហកម្ម​មួយ​នេះ​។

កសិករ កំពុងធ្វើការងារបណ្ដុះកូនស្វាយចន្ទី
លោក ប៉ោ ស៊ុត​ធី មេភូមិ​ដីក្រហម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា​ ឆ្នាំ​២០១៨​នេះ​ថា រយ​:​ពេល​ប្រហែល​ជិត​១០​ឆ្នាំ​ហើយ​ដែល​ប្រជាពលរដ្ឋ ជា​កសិករ​រស់នៅ​ក្នុង​ភូមិ​ដីក្រហម នៅ​តាម​បណ្ដោយ​ផ្លូវ​ប្រវែង ៣ គីឡូម៉ែត្រ។ ពួកគាត់​បាន​នាំគ្នា​ប្រកប​របរ​បណ្ដុះ​កូន​ស្វាយចន្ទី​លក់​ក្នុង​មួយ​គ្រួសារ​ចាប់ពី ១ ​ម៉ឺន ដល់​ជាង ១០​ម៉ឺន​ដើម ​ក្នុង​មួយ​ឆ្នាំ​។ ក្នុង​នោះ មាន​គ្រួសារ​ចន្លោះ​ពី​ ៦០​ទៅ​៧០​គ្រួសារ​នៃ​ចំនួន​គ្រួសារ​ក្នុង​ភូមិ​ទាំងអស់​ចំនួន ៤៣០​គ្រួសារ​។

លោក​មេភូមិ​បាន​ឲ្យ​ដឹង​ទៀត​ថា សល់​ប្រមាណ​ជាង ៣០ ភាគរយ​ផ្សេងទៀត​នៃ​គ្រួសារ​ប្រជាពលរដ្ឋ​នោះ គឺ​ពួកគាត់​បានធ្វើ​ជា​អ្នក​ជួយ​បណ្តុះ​កូន​ស្វាយចន្ទី​តាម​កន្លែង​គ្រួសារ​ដែល​បើក​កន្លែង​ផលិត​បណ្តុះ​កូន​ស្វាយចន្ទី​លក់​។ តាម​រយ​:​មុខរបរ​មួយ​នេះ អាច​ធ្វើ​ឲ្យ​គ្រួសារ​កសិករ​នីមួយៗ ទទួល​បាន​ចំណូល​ចាប់ពី ១ម៉ឺន ទៅ ២​ម៉ឺន​ដុល្លារ ក្នុង​មួយ​ឆ្នាំ​។

លោក​ស៊ុន​ធី​បាន​បន្ត​ថា​ ប៉ុន្តែ​នៅ​ ២​ឆ្នាំ​ចុងក្រោយ​នេះ​ របរ​បណ្ដុះ​កូន​ស្វាយ​ចន្ទី ហាក់​បាន​ធាក់​ថយ​តម្លៃ​ គឺ​កូន​ស្វាយចន្ទី​មួយ​ដើម​ ធ្លាប់​លក់​បាន ២០០០​រៀល ​ធ្លាក់​ថ្លៃ​មក​នៅ​ត្រឹម​ ១០០០ ​ទៅ​ ១៥០០​រៀល​។ នេះ​គឺ ​ដោយសារ​តែ​មាន​អ្នកចេះ​មុខរបរ​បណ្តុះ​កូន​ស្វាយចន្ទី​ច្រើន​ ជា​ពិសេស​បាន​ថយ​ចុះ​អតិថិជន​ជា​អ្នក​និយម​ដាំ​ដំណាំ​ស្វាយចន្ទី​ច្រើន​ជាង​គេ មាន​ខេត្ត​មណ្ឌលគិរី ខេត្ត​ស្ទឹងត្រែង ជាដើម​នោះ​។

កូនស្វាយចន្ទី

អ្នកស្រី ម៉ាន់ ធី​ណា ជា​អ្នក​បណ្តុះ​កូន​ស្វាយចន្ទី​លក់​ម្នាក់​ក្នុង​ភូមិ​ដីក្រហម​បាន​និយាយ​ថា នេះ​ជា​រដូវ​ដែល​កសិករ​លក់​កូន​ស្វាយចន្ទី​ នាំគ្នា​បណ្តុះ​និង​បំបៅ​កូន​ស្វាយចន្ទី​ដើម្បី​ត្រៀម​បម្រុង​ទុក​លក់​ឲ្យ​អតិថិជន ជា​អ្នក​ដាំ​ដំណាំ​ស្វាយចន្ទី​នៅ​ចន្លោះ​ខែ​ឧសភា​ទៅ​ខែ​កក្កដា​។​ ជាក់ស្តែង​សម្រាប់​គ្រួសារ​អ្នកស្រី​បាន​បណ្តុះ​ពូជ​ស្វាយចន្ទី​ចំនួន​ ២​ប្រភេទ​ គឺ​ពូជ​អឹម​២៣​ និង​ពូជ​០៩​ សរុប​ជាង​មួយ​ម៉ឺន​ដើម។

អ្នកស្រី​ធី​ណា​បាន​បន្តថា ​រដូវ​កាល​លក់​កូន​ស្វាយចន្ទី​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​គឺ​គ្រួសារ​អ្នកស្រី​លក់​អស់​កូន​ស្វាយចន្ទី​ចំនួន ៥​ម៉ឺន ដើម​។ ក្នុង​មួយ​ដើម​លក់​បាន​តម្លៃ​ពី ១៤០០ ទៅ ១៦០០ រៀល​។ ក្នុង​នោះ​មាន​អតិថិជន ជា​អ្នកទិញ និង​បញ្ជា​ទិញ​ក្នុង​ខេត្ត​កំពង់ចាម និង​ខេត្ត​ក្រៅ​មាន ខេត្ត​មណ្ឌល,​ខេត្ត​រតនគិរី​, ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​កោះកុង​ជាដើម​។ ដោយ​ម្នាក់ៗ ទិញ​ដឹក​តាម​រថយន្ត​ពី ២០០០ ទៅ​៤០០០ ដើម ហើយ​ពូជ​ស្វាយចន្ទី​ដែល​អតិថិជន​និយម​ចូល​ចិត្ត​ដាំ​ច្រើន គឺ​អឹម​២៣ ដោយសារ​ពូជ​នេះ​ ផ្តល់​ផ្កា ផ្លែ​ច្រើនដង យូរ​ជាង​ពូជ ០៩ ៕

រូបថត៖ រស្មីកម្ពុជា

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;