ឥណ្ឌូណេស៊ី ចំណាយប្រាក់ជាង ១៤លានដុល្លារ លើកទឹកចិត្តអត្តពលិករបស់ខ្លួន នៅ Asian Games
- 2018-09-04 07:52:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌូណេស៊ី ចំណាយប្រាក់ជាង ១៤លានដុល្លារ លើកទឹកចិត្តអត្តពលិករបស់ខ្លួន នៅ Asian Games
ចន្លោះមិនឃើញ
រដ្ឋាភិបាលឥណ្ឌូណេស៊ី បានចំណាយប្រាក់សរុបអស់ ២១០ប៊ីលានរូពី (ជាង ១៤លានដុល្លារអាមេរិក) ដើម្បីឧបត្ថម្ភបន្ថែម ដល់អត្តពលិក គ្រូបង្វឹក និងជំនួយការគ្រូជំនួយរបស់ខ្លួន ដែលបានចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡា Asian Games ឆ្នាំ២០១៨ ដែលទើបបញ្ចប់កាលពីថ្ងៃអាទិត្យកន្លងទៅ។ នេះបើតាមការបញ្ជាក់ពីលោករដ្ឋមន្រ្ដីក្រសួងកីឡា និងយុវជនឥណ្ឌូណេស៊ី Imam Nahrawi។
នៅក្នុងពិធីសំណេះសំណាលរវាងលោកប្រធានាធិបតី Joko Widodo នៅវិមានរដ្ឋឥណ្ឌូណេស៊ិ កាលពីថ្ងៃអាទិត្យ លោក Imam បានថ្លែងបញ្ជាក់ថា ប្រាក់រង្វាន់លើកទឹកចិត្តសរុប ២១០ប៊ីលានរូពីនេះ គឺបូករួមទាំងប្រាក់សម្រាប់អត្តពលិកដែលមិនឈ្នះមេដាយផងដែរ។ ប្រាក់ទាំងនេះ ត្រូវបានផ្ទេរចូលគណនីធនាគាររបស់អត្តពលិក គ្រូបង្វឹក និងជំនួយការគ្រូបង្វឹករួចរាល់ហើយ។
សូមបញ្ជាក់ថា អត្តពលិកឥណ្ឌូណេស៊ី ដែលចូលរួមព្រឹត្តិការណ៍កីឡា Asian Games ឆ្នាំ ២០១៨ ទទួលបានប្រាក់លើកទឹកចិត្ត ដូចខាងក្រោម៖
អត្តពលិកឈ្នះមេដាយមាស (ប្រភេទកីឡាឯកត្តជន)៖ ទទួលបាន ១,៥ប៊ីលានរូពី (ជាង ១០ម៉ឺនដុល្លារ)
អត្តពលិកឈ្នះមេដាយមាស (ប្រភេទកីឡាលេងជាគូ)៖ ទទួលបានម្នាក់ ១ប៊ីលានរូពី (ជាង ៦ម៉ឺន៧ពាន់ដុល្លារ)
អត្តពលិកឈ្នះមេដាយមាស (ប្រភេទកីឡាលេងជាក្រុម)៖ ទទួលបានម្នាក់ ៧៥០លានរូពី (ជាង ៥ម៉ឺនដុល្លារ)
អត្តពលិកឈ្នះមេដាយប្រាក់ (ប្រភេទកីឡាឯកត្តជន)៖ ទទួលបាន ៥០០លានរូពី (ជាង ៣,៣ម៉ឺនដុល្លារ)
អត្តពលិកឈ្នះមេដាយប្រាក់ (ប្រភេទកីឡាលេងជាគូ)៖ ទទួលបានម្នាក់ ៤០០លានរូពី (ជាង ២,៦ម៉ឺនដុល្លារ)
អត្តពលិកឈ្នះមេដាយប្រាក់ (ប្រភេទកីឡាជាក្រុម)៖ ទទួលបានម្នាក់ ៣០០លានរូពី (ជាង ២ម៉ឺនដុល្លារ)
អត្តពលិកឈ្នះមេដាយសំរឹទ្ធ (ប្រភេទកីឡាឯកត្តជន)៖ ទទួលបាន ២៥០លានរូពី (ជាង ១,៦ម៉ឺនដុល្លារ)
អត្តពលិកឈ្នះមេដាយសំរឹទ្ធ (ប្រភេទកីឡាលេងជាគូ)៖ ទទួលបានម្នាក់ ២០០លានរូពី (ជាង ១,៣ម៉ឺនដុល្លារ)
អត្តពលិកឈ្នះមេដាយសំរឹទ្ធ (ប្រភេទកីឡាលេងជាក្រុម)៖ ទទួលបានម្នាក់ ១៥០លានរូពី (ជាង ១ម៉ឺនដុល្លារ)
គ្រូបង្វឹកដែលបង្វឹកអត្តពលិកឈ្នះមេដាយមាស៖ ទទួលបាន ៤៥០លានរូពី (ជាង ៣ម៉ឺនដុល្លារ)
គ្រូបង្វឹកដែលបង្វឹកអត្តពលិកឈ្នះមេដាយប្រាក់៖ ទទួលបាន ១៥០លានរូពី (ជាង ១ម៉ឺនដុល្លារ)
គ្រូបង្វឹកដែលបង្វឹកអត្តពលិកឈ្នះមេដាយសំរឹទ្ធ៖ ទទួលបាន ៧៥លានរូពី (ជាង ៥ពាន់ដុល្លារ)
ជំនួយការគ្រូបង្វឹកដែលបង្វឹកអត្តពលិកឈ្នះមេដាយមាស៖ ទទួលបាន ៣០០លានរូពី (ជាង ២ម៉ឺនដុល្លារ)
ជំនួយការគ្រូបង្វឹកដែលបង្វឹកអត្តពលិកឈ្នះមេដាយប្រាក់៖ ទទួលបាន ១០០លានរូពី (ជាង ៦,៧ពាន់ដុល្លារ)
ជំនួយការគ្រូបង្វឹកដែលដឹកនាំអត្តពលិកឈ្នះមេដាយសំរឹទ្ធ៖ ទទួលបាន ៥០លានរូពី (ជាង ៣,៣ពាន់ដុល្លារ)
អត្តពលិកដែលមិនឈ្នះមេដាយ៖ ទទួលបាន ២០លានរូពី (ជាង ១,៣ពាន់ដុល្លារ)
សូមបញ្ជាក់ថា ឥណ្ឌូណេស៊ី ដែលជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ Asian Games 2018 បានឈ្នះមេដាយសរុប ចំនួន ៩៨មេដាយ ដែលមានមេដាយមាស ៣១ មេដាយប្រាក់ ២៤ និងមេដាយសំរឹទ្ធ ៤៣ ឈរនៅចំណាត់ថ្នាក់លេខ ៤ ក្នុងតារាងមេដាយ ក្រោមប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង៕