រូប​១សន្លឹក​កាលពី​៣ឆ្នាំមុន រំលឹក​អនុស្សាវរីយ៍​រវាង​កីឡាករ​កម្ពុជា និងគ្រូបង្វឹក​បច្ចុប្បន្ន​

  • 2018-09-05 01:37:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រូបភាព​មួយសន្លឹក​នេះ ត្រូវ​បាន​ថត​ដោយ​លោក ព្រីង សំរាំង ប្រចាំ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters អំឡុង​​ការ​ប្រកួត​រវាង​ក្រុម​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ទល់​នឹង​ក្រុម​បាល់ទាត់​ជម្រើសជាតិ​ជប៉ុន កាលពី​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុង​វគ្គ​ជម្រុះ​ FIFA World Cup នៅ​ពហុ​កីឡដ្ឋាន​ជាតិ​របស់​កម្ពុជា។

រូបភាពនេះ បង្ហាញ​ពី​កីឡាករ​កម្ពុជា ៤រូប គឺ ធារី ចន្ថាប៊ីន, គួច សុកុម្ភៈ, ហុង ផេង និងឈិន ឈឿន ប្រជែង​យក​បាល់​ជាមួយ​កីឡាករជប៉ុន Keisuke Honda។ ជាលទ្ធផល​នៅ​ពេល​នោះ គឺ​ជប៉ុន បាន​យកឈ្នះ​កម្ពុជា ២-០។

៣ឆ្នាំ​ក្រោយ ពោល​គឺ​កាលពីខែសីហា​ ឆ្នាំ២០១៨ កន្លងទៅ Honda ត្រូវបាន​តែងតាំង​ធ្វើ​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ខណៈ​កីឡាករ​កម្ពុជាទាំង ៤រូប​ខាងលើ សុទ្ធ​តែ​ជាប់​ក្នុង​ជម្រើស​របស់​គ្រូបង្វឹក​ថ្មី​រូបនេះ។

ការ​ហ្វឹកហាត់​លើក​ដំបូង​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្រោម​ការ​បង្វឹក​របស់ Honda បាន​ធ្វើ​ឡើង​នា​ល្ងាច​ថ្ងៃ​ទី៤ ខែកញ្ញា​ ឆ្នាំ២០១៨ នេះ ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ ទល់នឹង​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី នាថ្ងៃ​ទី១១ ខែកញ្ញា​ខាងមុខ។

តើ​ Honda ដែល​ធ្លាប់​ជួយ​ក្រុម​ជម្រើសជាតិ​របស់​ខ្លួន យក​ឈ្នះ​កម្ពុជា​កាលពី​៣ឆ្នាំមុន​នោះ អាច​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ទទួល​ជោគជ័យ​បានឬយ៉ាងណា?

សូម​បញ្ជាក់ថា កីឡាករ​ទាំង ២៣នាក់ ដែល​ជាប់​ក្នុង​ជម្រើស​របស់​ Honda រួមមាន៖

  • អ្នកចាំទី៖ ស៊ូ យ៉ាទី, អ៊ុំ វិចិត្រ (ក្រសួង​ការពារជាតិ), កែវ សុខសិលា (វិសាខា)

  • ខ្សែការពារ៖ ហុង ផេង (បឹងកេត), លី វ៉ាហេទ (បឹងកេត), សេត រ៉ស៊ីប (បឹងកេត), ស ពិសិដ្ឋ (ក្រសួងការពារជាតិ), ឆេង ម៉េង (ណាហ្គាវើល), អ៊ុក សុវណ្ណ (ភ្នំពេញក្រោន), នេន សុធារដ្ឋ (ព្រះខ័នរាជស្វាយរៀង), សឿយ វិសាល (ព្រះខ័នរាជស្វាយរៀង)

  • ខ្សែបម្រើ៖ ជ័យ ចត្រា (អគ្គស្នងការដ្ឋាននគរបាលជាតិ), ឈិន ឈឿន (ក្រសួងការពារជាតិ), សុះ ស៊ូហាណា (ណាហ្គាវើល), គួច សុកុម្ភៈ (ណាហ្គាវើល) អ៊ិន សូដាវីដ (ភ្នំពេញក្រោន), ប្រាក់ ធីវ៉ា (ភ្នំពេញក្រោន), ធារី ចន្ថាប៊ីន (Terengganu), ទិត្យ ឌីណា (វិសាខា)

  • ខ្សែប្រយុទ្ធ៖ ប្រាក់ មុនីឧត្តម (ព្រះខ័នរាជស្វាយរៀង), កែវ សុខផេង (វិសាខា), រ៉ឹង ប៊ុនហៀង (ក្រសួងការពារជាតិ), ស៊ិន កក្កដា (ភ្នំពេញក្រោន)

ក្នុង​ចំណោម​កីឡាករ​ទាំង ២៣រូបខាងលើ មាន​កីឡាករចំនួន ១០នាក់ ដែលបាន​ជាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា ប្រកួត​ទល់នឹង​ក្រុម Honda នៃ​ក្រុម​ជម្រើសជាតិ​ជប៉ុន កាលពីឆ្នាំ២០១៥ ដែលរួមមាន៖ សុះ ស៊ូហាណា, នេន សុធារ័ត្ន, ឈិន ឈឿន, ហុង ផេង, ទិត្យ ឌីណា, កែវ សុខផេង, ធារី ចន្ថាប៊ីន, គួច សុកុម្ភៈ, ស៊ូ យ៉ាទី និង ប្រាក់ មុនីឧត្ដម៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;