ក្រសួងទេសចរណ៍ ពិគ្រោះយោបល់លើសេចក្ដីព្រាង "ស្ដង់ដាសេវាកម្មស្ប៉ា-ម៉ាស្សាកម្ពុជា"
- 2018-09-05 06:57:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងទេសចរណ៍ ពិគ្រោះយោបល់លើសេចក្ដីព្រាង "ស្ដង់ដាសេវាកម្មស្ប៉ា-ម៉ាស្សាកម្ពុជា"
ចន្លោះមិនឃើញ
ក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសលើសេចក្ដីព្រាង "ស្ដង់ដាសេវាកម្មស្ប៉ា-ម៉ាស្សាកម្ពុជា" និងការណែនាំសេចក្ដីជូនដំណឹងស្ដីពីការដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្ដង់ដាសេវាកម្មស្ប៉ា-ម៉ាស្សាអាស៊ាន” កាលពីថ្ងៃទី៤ ខែកញ្ញាម្សិលមិញនេះ ក្រោមអធិបតីភាព លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍។
សិក្ខាសាលានេះ មានការចូលរួមពីពីមន្រ្ដីរាជការក្រសួងទេសចរណ៍ មន្រ្ដីជំនាញមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងប្រតិបត្តិករម្ចាស់អាជីវកម្មទេសចរណ៍ ក្នុងរាជធានីភ្នំពេញ ប្រមាណ ២០០នាក់។
សូមបញ្ជាក់ថា ស្ដង់ដាសេវាកម្មស្ប៉ា-ម៉ាស្សាកម្ពុជា ត្រូវបានសិក្សាផ្គុំឡើងដោយសូចនាករគោលចំនួន ០៧គឺ៖ ទី១. សូចនាករគោលអំពីទីតាំង ស្ថាបត្យកម្មនិងទិដ្ឋភាពទូទៅ ទី២. សូចនាករគោលអំពីសេវាបម្រើ ទី៣. សូចនាករគោលអំពីបុគ្គលិកបម្រើការ ទី៤. សូចនាករគោលអំពីផលិតផល ទី៥. សូចនាករគោល អំពីឧបករណ៍និងសម្ភារៈប្រើប្រាស់ ទី៦. សូចនាករគោលអំពីការគ្រប់គ្រងអាជីវកម្ម និងទី៧. សូចនាករគោល អំពីការគ្រប់គ្រងបរិស្ថាន។
សូចនាករគោលទាំង៧នេះ ត្រូវបានបែងចែកបន្តជា ២០២លក្ខណៈវិនិច្ឆ័យ ស្មើនឹងពិន្ទុសរុបចំនួន ៥៨០ពិន្ទុ។
ស្តង់ដាសេវាកម្មស្ប៉ា-ម៉ាស្សាកម្ពុជា មានការបែងចែកកម្រិតជ័យលាភីជា ០៥កម្រិត គឺ៖
ថ្នាក់ផ្កាយ១(កម្រិតថ្នាក់ទាបជាងគេ)នឹងត្រូវប្រគល់ជូនជ័យលាភីដែលទទួលបានពិន្ទុចន្លោះពី៤០%ទៅ៥០%នៃពិន្ទុសរុប។
ថ្នាក់ផ្កាយ២ ត្រូវប្រគល់ជូនជ័យលាភីដែលទទួលបានពិន្ទុចន្លោះពី៥១%ទៅ៦០%នៃពិន្ទុសរុប។
ថ្នាក់ផ្កាយ៣ត្រូវប្រគល់ជូនជ័យលាភីដែលទទួលបានពិន្ទុចន្លោះពី៦១%ទៅ៧០%នៃពិន្ទុសរុប។
ថ្នាក់ផ្កាយ៤ត្រូវប្រគល់ជូនជ័យលាភីដែលទទួលបានពិន្ទុចន្លោះពី៧១%ទៅ៩០%នៃពិន្ទុសរុប។
ថ្នាក់ផ្កាយ៥(កម្រិតថ្នាក់ខ្ពស់ជាងគេ)នឹងត្រូវប្រគល់ជូនជ័យលាភីដែលទទួលបានពិន្ទុចន្លោះពី៩១%ទៅ១០០%នៃពិន្ទុសរុប។
ជ័យលាភី នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ចំណាត់ថ្នាក់ និងផ្លាកសញ្ញាចំណាត់ថ្នាក់ទៅតាមកម្រិតចំណាត់ថ្នាក់ដែលទទួលបានតាមរយៈលទ្ធផលនៃការវាយតម្លៃ។
គួររំលឹកផងដែរថា ក្រៅពីការពិគ្រោះយោបល់បច្ចេកទេសលើសេចក្ដីព្រាង "ស្ដង់ដាសេវាកម្មស្ប៉ា-ម៉ាស្សាកម្ពុជា" កន្លងមកក្រសួងទេសចរណ៍បានដាក់ចេញនូវ៖
ស្ដង់ដាទីក្រុងស្អាត ស្តង់ដាបដិសណ្ឋារកិច្ចល្អ
ស្តង់ដាសណ្ឋាគារបៃតង ស្តង់ដាផ្ទះស្នាក់កម្ពុជា
ស្តង់ដាសហគមន៍ទេសចរណ៍
ស្តង់ដាកាណូតទេសចរណ៍
ស្តង់ដាបង្គន់សាធារណៈកម្ពុជា
ប្រព័ន្ធចំណាត់ថ្នាក់សណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍
ប្រព័ន្ធចំណាត់ថ្នាក់ភោជនីយដ្ឋាននិងអាហារដ្ឋាន
ប្រព័ន្ធចំណាត់ថ្នាក់សេវាកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ
និងប្រព័ន្ធចំណាត់ថ្នាក់រមណីយដ្ឋានទេសចរណ៍ ជាដើម៕
រូបភាព៖ ផ្ដល់ឲ្យ