ចិនជាប្រទេសទី១ ដែលសម្តេច ហ៊ុន សែន ត្រូវទៅបំពេញទស្សនកិច្ចក្រោយឈ្នះឆ្នោត
- 2018-09-07 07:25:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនជាប្រទេសទី១ ដែលសម្តេច ហ៊ុន សែន ត្រូវទៅបំពេញទស្សនកិច្ចក្រោយឈ្នះឆ្នោត
ចន្លោះមិនឃើញ
ចាប់តាំងពីថ្ងៃបោះឆ្នោត ថ្ងៃទី២៩ខែកក្កដាមក សម្តេចហ៊ុន សែនបានរក្សាវត្តមាននៅក្នុងប្រទេសរហូត។ តែក្រោយរដ្ឋាភិបាលថ្មីបានបង្កើត និងរៀបចំរួចរាល់ សម្តេច ហ៊ុន សែននឹងចាប់ផ្តើមបំពេញទស្សនកិច្ចទៅក្រៅប្រទេសជាលើកដំូង ដោយផ្តើមពីប្រទេសចិន។
តបតាមការអញ្ជើញរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង សម្តេចនាយករដ្ឋមន្ត្រីនឹងធ្វើដំណើរទៅប្រទេសចិន ដើម្បីចូលរួមពិធីតាំងពិព័រណ៍ចិន-អាស៊ានលើកទី១៥ ចាប់ពីថ្ងៃទី១០-១២ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី។
ទស្សនកិច្ចលើកដំបូងនៅក្រៅប្រទេស ក្នុងនាមនាយរដ្ឋមន្ត្រីអាណត្តិទី៦នេះ សម្តេចហ៊ុន សែន នឹងត្រូវអមដំណើរដោយឧបនាយករដ្ឋមន្ត្រីហោ ណាំហុង, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឥស្សរជនរាជរដ្ឋាភិបាលដទៃទៀត និងធុរជនពីសភាពាណិជ្ជកម្មកម្ពុជាផងដែរ។ នេះបើតាមសេចក្ដីប្រកាស របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលចេញផ្សាយនាថ្ងៃទី៧ ខែកញ្ញានេះ។
នៅក្នុងឱកាសនៃការបំពេញទស្សនកិច្ចនេះ សម្តេច ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះ ក្នុងគោលបំណងលើកស្ទួយពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន និងចិនរួមទាំងទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរចិនដែលមានសក្តានុពលមកកាន់តំបន់អាស៊ាន។
ក្នុងនាម កម្ពុជាជាប្រទេសកិត្តិយសនៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះ សម្តេចហ៊ុន សែននិងលោកហាន់ ចឹង ឧបនាយករដ្ឋមន្ត្រីចិន នឹងអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូ ដើម្បីសម្ពោធព្រះពន្លាជាតិកម្ពុជា។ បន្ថែមលើនេះ សម្តេច ហ៊ុន សែន នឹងជួបពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយឥស្សរជនចិន និងទទួលជួបសម្តែងការគួរសម ពីថ្នាក់ដឹកនាំខេត្តក្វាងស៊ី និងថ្នាក់ដឹកនាំផ្នែកធុរកិច្ចសំខាន់ៗ និងនាយកប្រតិបត្តិនៃក្រុមហ៊ុននានារបស់ចិនផងដែរ។
គួរជម្រាបជូនដែរថា ពិព័រណ៍ចិន-អាស៊ានលើកទី១៥ ប្រារព្ធឡើងក្រោមមូលបទ « រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សទី២១ និងនវានុវត្តសហគមន៍ចិន-អាស៊ាន »។ នៅក្នុងព្រឹត្តិការណ៍នេះ នឹងដាក់បង្ហាញនូវផលិតផលផ្សេងៗគ្នាជាច្រើនពីអាស៊ាននិងចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរបស់វិស័យឯកជន នៅក្នុងផ្នែកពាណិជ្ជកម្ម ធុរកិច្ច វិនិយោគ និងទេសចរណ៍ឲ្យកាន់តែប្រសើរឡើង។
ពិព័រណ៍ចិន-អាស៊ាន ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងពង្រឹង និងពង្រីកបន្ថែមទៀត នូវកាលានុវត្តភាពធុរកិច្ច និងពាណិជ្ជកម្មឲ្យកាន់តែស៊ីជម្រៅ ដើម្បីសម្រេចឲ្យបាន នូវគោលដៅវិនិយោគទុននូវទំហំទឹកប្រាក់ ១ទ្រីលានដុល្លារអាមេរិក ពីប្រទេសចិនមកកាន់តំបន់អាស៊ាន និង១៥០ពាន់លាដុល្លារអាមេរិក ពីតំបន់អាស៊ានទៅកាន់ប្រទេសចិន នៅត្រឹមឆ្នាំ២០២០៕