សម្តេច ទៀ បាញ់ ឆ្លើយ​តប​នឹង​អ្នក​រិះគន់​រឿង​តែង​តាំង​លោក ហ៊ុន ម៉ាណែត ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក

  • 2018-09-07 11:07:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ឆ្លើយ​តប​នេះ ធ្វើ​ឡើង​បន្ទាប់​ពីពិធី​បំពាក់​ឋានន្តរសក្តិ និង តែង​តាំង​មុខ​តំណែង អគ្គ​មេបញ្ជាការ នាយ​សេនា​ធិការ​ចម្រុះ និង មេ​បញ្ជាការ​កងទ័ព​ជើង​គោក នា​រសៀល​ថ្ងៃទី ៧​កញ្ញា​នេះ នៅ​វិមាន​សន្តិភាព​។

សម្តេច​លើក​ឡើង​ថា ការ​តែង​តាំង​លោក​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត ជា​មេ​បញ្ជាការ​កងទ័ព​ជើងគោក មិន​មែន​ដោយ​សារ​លោក​ជាកូន​នាយក​រដ្ឋមន្ត្រី ដូច​ការ​លើក​ឡើង​របស់​អ្នកវិភាគ ឬមជ្ឈ​ដ្ឋាន​មួយ​ចំនួន​នោះ​ទេ​។ អ្នក​ដែល​រិះគន់​នោះ បាន​មើល​រំលង​សមត្ថ​ភាពរ​បស់លោក​ ហ៊ុន ម៉ាណែត​។

សម្តេច​បន្ត​ថា កង​យោធ​ពល​ខេមរ​ភូមិន្ទ​ទាំង​អស់ គឺ​សុទ្ធតែ​ទទួល​ស្គាល់​សមត្ថ​ភាព និង​កិច្ចការ​ទាំង​ឡាយ​របស់​លោក ហ៊ុន ម៉ាណែត ដែល​បាន​បំពេញ​ក្នុង​រយៈ​ពេល​កន្លង​មក និង​បាន​ដឹកនាំ​ការងារ​ទទួល​បាន​ជោគជ័យ​ជា​បន្ត​បន្ទាប់​។

សម្តេច ទៀ បាញ់ និង លោកឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត នៅក្នុងពិធី​បំពាក់​ឋានន្តរសក្តិ និង តែង​តាំង​មុខ​តំណែង នា​រសៀល​ថ្ងៃទី ៧​កញ្ញា​នេះ នៅ​វិមាន​សន្តិភាព​

សម្តេច​ពិជ័យសេនា​ថា៖ “វាជា​ទី​សមរម្យ​ណាស់​​ដែល​លោក​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត ទៅ​កាន់​ជា​មេបញ្ជា​ការ​កង​ទ័ព​ជើងគោក​នេះ។ កម្លាំង​ដែល​មាន​សមត្ថភាព​របៀប​នេះ ទោះ​ជាអ្នក​ណាចង់​ថា យ៉ាង​ម៉េច​ក៏​ដោយ ក៏​ប៉ុន្តែ​ទូទាំង​កង​យោធពល​ខេមរ​ភូមិន្ទ គឺ​មាន​ការ​ឯកភាព​ខ្ពស់ ទទួល​តួនាទី​នេះ សម​ស្រប​ជាទី​បំផុត​ចំពោះ​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត នា​ពេល​បច្ចុប្បន្ន​នេះ"​។

សូមរំលឹកថា ​កាលពីថ្ងៃទី ៦ខែកញ្ញា សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទូល​ស្នើ​ព្រះ​មហាក្សត្រតែងតាំង​មេទ័ព ៣រូបគឺ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជា​មេ​បញ្ជាការ​កងទ័ព​ជើង​គោក បន្ថែម​ពី​លើ​មុខងារ​បច្ចុប្បន្ន ដែល​ជា​អគ្គ​មេ​បញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ ឧត្ដមសេនីយ៍​ឯក វង្ស ពិសេន ជា​អគ្គ​មេបញ្ជាការ នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ដំឡើង​ឋានន្តរស័ក្តិ ថ្នាក់​នាយ​ឧត្ដមសេនីយ៍ និង នាយ​ឧត្ដមសេនីយ៍ ឥត សារ៉ាត់ ជា​នាយ​សេនាធិការ​ចម្រុះ នៃ​កង​យោធពលខេមរភូមិន្ទ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ។ ហើយនៅថ្ងៃដដែល ព្រះករុណាព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី បាន​ត្រាស់​បង្គាប់​តែងតាំង​មន្រ្ដី​យោធា​ជាន់ខ្ពស់ទាំង ៣រូបនោះ ជាផ្លូវការ​៕

អត្ថបទទាក់ទង៖

មេទ័ពកំពូល៣រូប ចូលកាន់តំណែងជាផ្លូវការហើយ!

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;