ស្វាក្តាមជាង ៥ពាន់ក្បាល ត្រូវបាននាំចេញទៅក្រៅប្រទេស ដើម្បីស្រាវជ្រាវ
- 2018-09-09 01:38:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វាក្តាមជាង ៥ពាន់ក្បាល ត្រូវបាននាំចេញទៅក្រៅប្រទេស ដើម្បីស្រាវជ្រាវ
ចន្លោះមិនឃើញ
សត្វស្វាក្តាមជាង ៥ពាន់ក្បាលត្រូវបាននាំចេញទៅក្រៅប្រទេសដើម្បីធ្វើការស្រាវជ្រាវ និងពិសោធន៍ធ្វើជាឱសថសម្រាប់ព្យាបាលមនុស្ស និងសត្វ។ នេះបើយោងតាមរបាយការណ៍ស្តីពី សភាពការណ៍កសិកម្ម ប្រចាំឆមាសទី១ ឆ្នាំ២០១៨នេះ។
កសិដ្ឋានដែលកំពុងស្រាវជ្រាវចិញ្ចឹម និងបង្កាត់ពូជសត្វស្វាក្តាមយកកូននាំចេញ មានចំនួន ៧ទីតាំងនៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ កំពង់ចាម កំពង់ស្ពឺ ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ដោយមានស្វាក្តាមសរុបចំនួន ៥៥ ៤៤៦ក្បាល។ ក្នុងនោះកូនកើតក្នុងរយៈពេល៦ខែក្នុងឆ្នាំ២០១៨ មានចំនួន៥៩៧៩ក្បាល ដឹកជញ្ជូនក្នុងស្រុកបានចំនួន ១០៧៣ក្បាល និងនាំចេញបានចំនួន៥០០៨ក្បាល។
តាមរយៈការជំរឿនសត្វស្វា នៅទីសាធារណៈ និងតំបន់សួនសត្វនៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ធំ កំពង់ចាម កំពង់ធំ ក្រចេះ បាត់ដំបង និងខេត្តព្រះសីហនុ បានរាប់ឃើញសត្វស្វាសរុបចំនួន២៩៧០ក្បាល ក្នុងនោះមាន សត្វស្វាក្តាមចំនួន ២៧៤៣ក្បាល ស្វាត្រោសមានចំនួន២២៦ក្បាល និងស្វាព្រាមចំនួន១ក្បាល។
បើយោងតាមរបាយការណ៍ របស់ក្រសួងកសិកម្មដដែលឱ្យដឹងថា នៅកម្ពុជាមានកសិដ្ឋានទាំង ៧ដែលចិញ្ចឹម និងបង្កាត់ពូជស្វាក្តាម បានធ្វើការនាំចេញទៅប្រទេសដូចជា សហរដ្ឋអាមេរិក ចិន ជប៉ុន សិង្ហបុរី កូរ៉េខាងត្បូង និងអូស្ត្រាលី ដើម្បីសិក្សាស្រាវជ្រាវផ្នែកឱសថមនុស្ស និងសត្វ។
សូមរំលឹកថា គិតពីឆ្នាំ២០១០-២០១៧ ក្រុមហ៊ុនបាននាំចេញសត្វស្វាក្តាមទៅក្រៅប្រទេសប្រមាណ ជាង ៤ម៉ឺនក្បាល៕