រុស្ស៊ី៖ អាមេរិក​ទម្លាក់​គ្រាប់បែក​ផូស្វ័រ ដែល​អាច​ដុត​មនុស្ស​ឲ្យ​សល់​តែ​ឆ្អឹង នៅ​ស៊ីរី

  • 2018-09-10 02:23:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យន្តហោះ​ចម្បាំង​ចំនួន ២​គ្រឿង ម៉ាក F-15 របស់​សហរដ្ឋ​អាមេរិក បាន​ទម្លាក់​គ្រាប់បែក​ផូស្វ័រ នៅ​ក្នុង​ខេត្ត Deir al-Zor នៃ​ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៨។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​យោធា​រុស្ស៊ី ដែល​ត្រូវ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន TASS និង RIA កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា។

បើ​តាម​ប្រភព​ដដែល ការ​វាយ​ប្រហារ​នេះ​សំដៅ​លើ​ភូមិ​មួយ​ឈ្មោះ​ថា Hajin ដែល​ជា​បន្ទាយ​សំខាន់​របស់​ក្រុម​ឧទ្ទាម​ឥស្លាម នៅ​ស៊ីរី។ គ្រាប់​បែក​ផូស្វ័រ​ដែល​អាមេរិក​ទម្លាក់ បាន​បង្ក​ជា​អណ្ដាត​ឆាប​ឆេះ​ជា​ច្រើន​កន្លែង​នៅ​ទីនោះ តែ​មក​ទល់​នឹង​ពេល​នេះ​មិន​ទាន់​មាន​សេចក្ដី​រាយការណ៍​អំពី​ចំនួន​អ្នក​ស្លាប់ ឬ​របួស​នៅ​ឡើយ​ទេ។

ជុំវិញ​ករណី​ចោទ​ប្រកាន់​ខាង​លើ អ្នក​នាំ​ពាក្យ​មន្ទីរ​បញ្ចកោណ Pentagon ​លោក Sean Robertson ​បាន​ចេញ​មុខ​បដិសេធ ហើយ​និយាយ​ថា នៅ​ពេល​នេះ អាមេរិក​មិន​ទាន់​ទទួល​របាយការណ៍​ពី​ការ​ប្រើប្រាស់​គ្រាប់បែក​ផូស្វ័រ​ណា​មួយ​នោះ​ទេ។ "គ្មាន​កម្លាំង​យោធា​ណា​មួយ​នៅ​ក្នុង​តំបន់ ត្រូវ​បាន​បំពាក់​ជាមួយ​នឹង​អាវុធ​ផូស្វ័រ​នោះ​ឡើយ"។

សូម​ជម្រាប​ថា ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស បាន​និយាយ​ថា អាមេរិក​រួម​ទាំង​ប្រទេស​ជា​សម្ព័ន្ធមិត្ត ធ្លាប់​ប្រើប្រាស់​អាវុធ​ផូស្វ័រ​ចំពោះ​ការ​បង្ក្រាប​ក្រុម​ឧទ្ទាម ជុំវិញ​ជម្លោះ​នៅ​ក្នុង​ប្រទេស​ស៊ីរី។ ពួក​គេ​បាន​ព្រមាន​ថា ការ​ប្រើប្រាស់​អាវុធ​ផូស្វ័រ​នៅ​ទីប្រជុំជន អាច​ធ្វើ​ឲ្យ​ប្រជាជន​ពិការ ឬ​បាត់បង់​ជីវិត ដោយសារ​ការ​ឆាបឆេះ​រហូត​ដល់​នៅ​សល់​តែ​ឆ្អឹង៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;