ថៃនឹងចាប់ផ្ដើមថតកុន ដែលនិយាយពីការសង្គ្រោះនៅល្អាងភ្នំថាមហ្លួង
- 2018-09-10 08:27:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃនឹងចាប់ផ្ដើមថតកុន ដែលនិយាយពីការសង្គ្រោះនៅល្អាងភ្នំថាមហ្លួង
ចន្លោះមិនឃើញ
ភាពយន្តស្ដីពីប្រតិបត្តិការជួយសង្គ្រោះក្រុមកីឡាករវ័យក្មេងចំនួន ១៣នាក់ពីល្អាងភ្នំថាមហ្លួង នឹងត្រូវចាប់ផ្ដើមថតនៅខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ។ នេះជាគំនិតផ្ដួចផ្ដើមដោយលោក Tom Waller អ្នកផលិតខ្សែភាពយន្តជនជាតិថៃ ដែលមានដើមកំណើតអៀរឡង់។
លោក Tom Waller បានប្រាប់សារព័ត៌មាន Bangkok Post កាលពីចុងសប្ដាហ៍មុនថា រឿងថ្មីនេះនឹងមានចំណងជើងថា "Nang Non" ជាភាសាថៃ និង "The Cave" ជាភាសាអង់គ្លេស។ លោកបន្ថែមថា វានឹងក្លាយជាភាពយន្តដំបូងគេ ដែលឆ្លុះបញ្ចាំងពីការជួយសង្គ្រោះក្រុមកីឡាករវ័យក្មេង ១២នាក់ និងគ្រូបង្វឹកម្នាក់ ដែលជាប់ខ្លួននៅក្នុងល្អាងថាមហ្លួងពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដាកន្លងទៅ។ លោកថា បច្ចុប្បន្នមានអ្នកផលិតរឿងយ៉ាងហោចណាស់ចំនួន ៥រូប ហើយភាគច្រើនជាអន្តរជាតិ ដែលកំពុងចាប់អារម្មណ៍ចង់បង្កើតភាពយន្តពាក់ព័ន្ធនឹងល្អាងភ្នំថាមហ្លួងនេះ។
លោក Waller បានប្រាប់បន្តថា កំណែដំបូងនៃភាពយន្តបានបញ្ចប់រួចរាល់ ហើយការកសាងទីតាំងថតនឹងចាប់ផ្ដើមនៅខែតុលា ឆ្នាំ២០១៨។ រឿង "Nang Non ឬហៅថា The Cave" នឹងមានតួអង្គសំខាន់ៗចំនួន ៤ ទៅ ៥នាក់ ដោយផ្អែកទៅលើចំនួនជាក់ស្ដែងនៃអ្នកស្ម័គ្រចិត្តទាំងថៃ និងអន្តរជាតិនៅក្នុងបេសកកម្មជួយសង្គ្រោះនៅល្អាងភ្នំថាមហ្លួង។ ចំណែកប្លង់ថតត្រូវលោក Waller ស្នើសុំការអនុញ្ញាតពីរដ្ឋាភិបាលរួចរាល់ហើយ ដោយក្នុងនោះក៏បានរាប់បញ្ចូលទាំងទីតាំងពិតមួយចំនួននៃល្អាងភ្នំថាមហ្លួងផងដែរ។
កាលពីពេលថ្មីៗនេះ លោក Waller បានធ្វើការសម្ភាសមួយជាមួយលោក Jim Warny ដែលជាអ្នកជួយសង្គ្រោះម្នាក់ មានសញ្ជាតិអៀរឡង់។ លោក Jim Warny ជាអ្នកជ្រមុជទឹកមួយរូប ដែលយកលោក Ekkapol Chanthawong គ្រូបង្វឹករបស់ក្រុមបាល់ទាត់ដែលបាត់ខ្លួន ចេញពីល្អាងភ្នំនៅថ្ងៃចុងក្រោយគេនៃប្រតិបត្តិការសង្គ្រោះ។ លោក Jim Warny ត្រូវបានសារព័ត៌មានអៀរឡង់ចាត់ទុកជាវីរបុរសមួយរូប។ បទពិសោធន៍របស់លោក Jim នឹងបង្កើតជាសាច់រឿងសំខាន់មួយនៅក្នុងរឿងរបស់លោក Waller។
ទាក់ទងនឹងកញ្ចប់ថវិកានៃការផលិតរឿង និងតួអង្គថត លោក Waller មិនបានបង្ហើបឲ្យដឹងនោះទេ៕