សេតវិមាន៖ លោក ត្រាំ ទទួល​សំបុត្រ​មួយ​ច្បាប់​ទៀត​ហើយ​ពី​លោក គីម ជុងអ៊ុន

  • 2018-09-11 02:19:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​ទទួល​សំបុត្រ​ដ៏​វិជ្ជមាន​មួយ​ពី​លោក គីម ជុងអ៊ុន មេដឹកនាំ​កំពូល​កូរ៉េខាងជើង ដើម្បី​ស្វែងរក​ជំនួប​មួយ​បន្ទាប់​ទៀត ក្រោយ​ជំនួប​កំពូល​របស់​មេដឹកនាំ​ទាំង​ពីរ​បាន​ធ្វើ​ឡើង​នៅ​សិង្ហបុរី កាលពី​ខែ​មិថុនា កន្លង​ទៅ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​សេតវិមាន កាលពី​ថ្ងៃ​ទី១០ ខែ​កញ្ញា ២០១៨ ម្សិលមិញ។

មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន និង​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក្នុង​ពិធី​ចុះ​ហត្ថលេខា​ អំឡុង​ជំនួប​ចចារ​ជា​ប្រវត្តិសាស្រ្ដ នៅ​សណ្ឋាគារ Capella Hotel នៅ​សិង្ហបុរី នាថ្ងៃ​១២ ខែមិថុនា
លោកស្រី Sarah Sanders អ្នកនាំពាក្យ​សេតវិមាន​បញ្ជាក់​ថា សារ​សំបុត្រ​នោះ​បង្ហាញ​ថា ក្រុង​ព្យុងយ៉ាង​បាន​បន្ដ​ប្ដេជ្ញា ដើម្បី​ផ្ដោត​លើ​ការ​រំលាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ។ លោក​ស្រី​បន្ដ​ថា " "គោល​បំណង​ចម្បង​នៃ​សំបុត្រ​នោះ គឺ​ដើម្បី​រៀបចំ​ជំនួប​មួយ​ទៀត​ជាមួយ​ប្រធានាធិបតី ត្រាំ ដែល​យើង​បើក​ចំហរ និង​ត្រៀម​រួចរាល់​ហើយ​នៅ​ក្នុង​ដំណើរការ​នៃ​ការ​សម្របសម្រួល"។

លោកស្រី​បញ្ជាក់​ទៀត​ថា សំបុត្រ​នោះ គឺ​ជា​សក្ខីភាព​បន្ថែម​នៃ​ដំណើរការ​ក្នុង​ទំនាក់ទំនង​របស់​ក្រុង​វ៉ាស៊ីនតោន​ជាមួយ​ក្រុង​ព្យុងយ៉ាង។

សូម​បញ្ជាក់​ថា លោក ត្រាំ និង​លោក គីម បាន​ជួប​គ្នា​នៅ​ក្នុង​ជំនួប​កំពូល​មួយ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី កាលពី​ខែ​មិថុនា ២០១៨ កន្លង​ទៅ ដោយ​ភាគី​ទាំង​ភាគី​បាន​សន្យា​លើ​ការ​រំលាយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;