លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានស្នើអគ្គស្នងការនគរបាលជាតិ ជួយការពារសុវត្ថិភាពរបស់លោក។ នេះបើយោងតាមលិខិតដែលលោក កឹម សុខា ផ្ញើជូនទៅអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩។
នៅក្នុងលិខិត លោក កឹម សុខា បានសរសេរថា "ខ្ញុំបាទ កឹម សុខា សូមស្នើសុំឯកឧត្ដមអគ្គស្នងការនគរបាលជាតិមេត្តាជួយការពារសុវត្ថិភាពរបស់ខ្ញុំ ដោយក្ដីអនុគ្រោះ"។
លោក កឹម សុខា ថ្លែងទៅកាន់ក្រុមអ្នកកាសែត នៅមុខតុលាការក្រុងភ្នំពេញនាពេលកន្លងមក
លោក កឹម សុខា កំពុងស្នាក់នៅផ្ទះលេខ ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លោកត្រូវបានដោះលែងកាលពីទៀបភ្លឺថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ក្រោយពីលោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ទៅប្រធានមណ្ឌលអប់រំកែប្រែទី៣ (ពន្ធនាគារត្រពាំងផ្លុង) ឱ្យដោះលែងលោក កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨។ លោក កឹម សុខា ត្រូវបានតំណាងអយ្យការដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទសន្ទិដ្ឋភាពជាមួយបរទេស បានប្រព្រឹត្តនៅកម្ពុជា និងកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៤៤៣ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា៕