គ្រោះធម្មជាតិឆក់យកជីវិតពលរដ្ឋកម្ពុជាជាង ១០០នាក់ ក្នុងរយៈពេល៨ខែដើមឆ្នាំ២០១៨
- 2018-09-11 07:45:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រោះធម្មជាតិឆក់យកជីវិតពលរដ្ឋកម្ពុជាជាង ១០០នាក់ ក្នុងរយៈពេល៨ខែដើមឆ្នាំ២០១៨
ចន្លោះមិនឃើញ
រយៈពេល៨ខែ ដើមឆ្នាំ២០១៨ គ្រោះធម្មជាតិ បានសម្លាប់ប្រជាជនកម្ពុជាប្រមាណជាង១៣៨នាក់ និង ប្រជាពលរដ្ឋប្រមាណជា៥៣ម៉ឺននាក់ផ្សេងទៀត ត្រូវបានរងគ្រោះ។ គ្រោះធម្មជាតិទាំងនោះមានដូចជា ខ្យល់កន្ត្រាក់ រន្ទះបាញ់ និង ទឹកជំនន់ជាដើម។ នេះតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានគូសបញ្ជាក់ថា រយៈពេល៨ខែ ដើមឆ្នាំ២០១៨នេះ គ្រោះមហន្តរាយ បានកើតឡើងខុសប្លែកពីឆ្នាំមុនៗ ពោលគឺ បញ្ហាធម្មជាតិមានដូចជា៖ ខ្យល់កន្ត្រាក់បានកើតឡើង រហូតដល់១៦៦លើក សម្លាប់មនុស្សចំនួន៦នាក់ រន្ទះបាញ់បានសម្លាប់មនុស្សចំនួន៨៨នាក់ និង គ្រោះទឹកជំនន់ បានសម្លាប់មនុស្ស៤៤នាក់។
ចំពោះគ្រោះទឹកជំនន់ ក្នុងរបាយការណ៍បានឱ្យដឹងថា មានចំនួនពលរដ្ឋរងគ្រោះ មានប្រមាណជាង១២ម៉ឺនគ្រួសារ ស្មើនឹងចំនួនមនុស្សប្រមាណជាង៥២ម៉ឺននាក់ ហើយពលរដ្ឋដែលត្រូវជម្លៀស ជាង១ម៉ឺនគ្រូសារ ស្មើនឹងមនុស្សចំនួន៥ម៉ឺននាក់។
ដោយឡែកដំណាំស្រូវ ប៉ះពាល់ប្រមាណជាង៨ម៉ឺនហិកតា ខូចខាតជាង៣ម៉ឺនហិកតា។ ចំពោះដំណាំរួមផ្សំប៉ះពាល់ជាង១ម៉ឺនហិកតា ខូចខាតប្រមាណជាង៥ពាន់ហិកតា និង ផ្លូវលំជនបទលិចទឹកប្រមាណជាង ១ម៉ឺន គីឡូម៉ែត្រ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអះអាងថា ករណីនៃគ្រោះទឹកជំនន់ បានចាប់ផ្តើមតាំងពីក្រោយចូលឆ្នាំខ្មែរមក រហូតដល់ជិតយុទ្ធនាការបោះឆ្នោត ហើយក៏កើតមាន នូវជំនន់ទឹកភ្លៀងប៉ែកខាងលិច ប្រទេសដូចជា៖ ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តប៉ៃលិន និង ខេត្តកំពង់ស្ពឺជាដើម។ រីឯខេត្តតាមមាត់សមុទ្រមាន ខេត្តព្រះសីហនុ, ខេត្តកោះកុង និង ខេត្តកំពត ក៏រងនូវផលប៉ះពាល់ពីទឹកជំនន់ផងដែរ។
ក្នុងរបាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសង្កត់ធ្ងន់ថា គិតចាប់ពីថ្ងៃទី១០ កញ្ញានេះ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ បើមិនមានព្យុះ ឬសម្ពាធផ្សេងៗកើតឡើងទេ កម្ពុជានឹងទទួលបានសុវត្ថិភាព។ តែផ្ទុយទៅវិញ ប្រសិនបើមានព្យុះ ឬសម្ពាធផ្សេងៗ កើតឡើង នោះទឹកអាចឡើងម្តងទៀត ដូច្នេះទាមទារឱ្យមានការប្រុងប្រយ័ត្ន និង តាមដានយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ភាគីពាក់ព័ន្ធ៕