ពិព័រណ៍ចិន-អាស៊ាន៖ កម្ពុជាបង្ហាញកូន​ក្រមុំលាក់ខ្លួន ដើម្បីទាក់ទាញភ្ញៀវ​ទេសចរ និងវិនិយោគិនបរទេស

  • 2018-09-11 23:43:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​នាម​ជាប្រទេស​កិត្តិយស​នៃ​ពិពរ័ណ៍​ចិន-អាស៊ាន កម្ពុជា​បាន​ជ្រើសរើស​ប្រាសាទ​សំបូរ​ព្រៃគុក ដែល​ជា​កូន​ក្រមុំលាក់ខ្លួន នៅ​ក្នុង​ខេត្ត​កំពង់ធំ ដើម្បី​តុបតែង​ពន្លា​ជាតិ ឱ្យ​ទៅ​ជា​ទីក្រុង​ដ៏​ស្រស់​ប្រិមប្រិយ ដែល​មាន​អគារទំហំ ៤៥ x ៦០​ម៉ែត្រ អាច​រៀបចំ​ស្តង់​បង្ហាញ​ផលិតផល និង​សេវាកម្ម​ចំនួន ១៤៦​ស្តង់ ដើម្បី​ផ្សព្វផ្សាយ​អំពី​សក្តានុពល និង​ឱកាស​វិនិយោគ និង​ទាក់ទាញ​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាសន៍ ឱ្យចូលមក​បណ្តាក់​ទុន និង​ទស្សនា​ប្រាសាទ​នានា​កាន់តែច្រើន នា​ពេល​អនាគត។ នេះ​បើ​តាម​ក្រសួង​ពាណិជ្ជកម្ម ប្រកាស​តាមរយៈ​ហ្វេសប៊ុកផេក​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី១២ ខែ​កញ្ញា ២០១៨​នេះ។

រូបភាព៖ ក្រសួងពាណិជ្ជកម្ម
ក្រសួង​បញ្ជាក់​ថា ចាប់តាំង​ពី​ការ​បង្ហាញវត្តមាន​នៅ​ក្នុង​ព្រឹត្តិការណ៍ពិព័រណ៍ កូនក្រមុំលាក់ខ្លួន​របស់​កម្ពុជា​បាន​ទាក់ទាញភ្ញៀវ​ទេសចរ​ជនជាតិចិ​ន ឱ្យ​ចូលមក​កម្សាន្ត​ឥតឈប់ឈរ និង​បាន​ទិញ​យកនូវ​វត្ថុអនុស្សាវរីយ៍ ដែល​សុទ្ធសឹង​ជា​ផលិតផល​ខ្មែរ ត្រលប់ទៅ​វិញ​ថែម​ទៀត។ តាមរយៈ​ការចូលរួម​ព្រឹត្តិការណ៍នេះ ក៏បាន​ធ្វើឱ្យ​សហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា កាន់តែមាន​ភាព​ជាម្ចាស់ការ ហើយ​វិស័យ​សិល្បៈ និង​វប្បធម៌​របស់​កម្ពុជា ក៏ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ តាមរយៈ​ការ​សម្តែង និង​ការ​បង្ហាញ​នៅ​ពន្លាជាតិ​របស់​កម្ពុជា។

ក្រៅពីបង្ហាញ​វត្តមានកូនក្រមុំលាក់ខ្លួន ក្រសួង​ពាណិជ្ជកម្ម ដែលទទួលខុស​ត្រូវរួម​ក្នុងការចូលរួម​ពិព័រណ៍ឆ្នាំនេះ ក៏បាន​រៀបចំ​សិក្ខាសាលា​ខ្លីៗ ដើម្បី​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ​វិនិយោគ និង​បរិយាកាស​ធ្វើធុរកិច្ច​នៅ​កម្ពុជា អមដោយ​ពិធី​ចុះហត្ថលេខា​លើ​គម្រោង​វិនិយោគ​ថ្មីៗចំនួន ១២ រវាង​វិនិយោគិនចិន និង​សហគ្រិនកម្ពុជា និង​សហគ្រិនចិន ដែល​មាន​តម្លៃគិត​ជាទឹក​ប្រាក់ ៧៩,៦៣​លានដុល្លារ​សហរដ្ឋអាមេរិក​ផងដែរ៕

រូបភាព៖ ក្រសួងពាណិជ្ជកម្ម

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;