ភាគីសហជីពកំណត់យកតួលេខ ១៩២ដុល្លារ សម្រាប់កិច្ចចរចាប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៩
- 2018-09-12 01:34:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាគីសហជីពកំណត់យកតួលេខ ១៩២ដុល្លារ សម្រាប់កិច្ចចរចាប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៩
ចន្លោះមិនឃើញ
បន្ទាប់ពីកិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៩ ក្នុងវិស័យកាត់ដេរលើកទី២ បានបញ្ចប់ដោយមិនទាន់លេចជាតួលេខណាមួយនៅឡើយ ប្រធានសម្ព័ន្ធសហជីពជាតិបានលើកឡើងថា សម្រាប់កិច្ចប្រជុំលើកទី៣ ក្រុមសហជីពតំណាងឲ្យកម្មករនិយោជិត នឹងលើកយកតួលេខចំនួន១៩២ដុល្លារអាមេរិក ដើម្បីធ្វើការពិភាក្សាបន្ត។ កិច្ចប្រជុំលើកទី៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ខែកញ្ញាខាងមុខ។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានបញ្ជាក់ឲ្យដឹងកាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ថា តួលេខដំបូងដែលគ្រោងនឹងលើកយកពិភាក្សាក្នុងកិច្ចប្រជុំខាងមុខគឺចំនួន ២១១,៦៧ដុល្លារ។ ប៉ុន្តែក្រោយពីបានប្រជុំច្រើនលើកច្រើនសាររួចមក រវាងក្រុមសហជីពក៏បានសម្រេចយកតួលេខចំនួន១៩២ដុល្លារវិញ។
លោកបន្តថា សម្រាប់កិច្ចប្រជុំលើកទី៣ខាងមុខ ភាគីតំណាងឲ្យនិយោជកមិនទាន់កំណត់តួលេខប្រាក់ឈ្នួលនៅឡើយទេ។ ចំណែកភាគីរដ្ឋាភិបាលគ្រោងនឹងលើកយកតួលេខចំនួន ១៧៧ដុល្លារដើម្បីធ្វើការចចារបន្ត។
«យើងផ្តើមពីតួលេខខ្ពស់ហើយក៏ចុះមកម្តងតិច រីឯភាគីនិយោជកផ្តើមពីតួលេខទាប ឡើងម្តងបន្តិច អីចឹងខ្ញុំគិតថាតួរលេខណាមួយក៏ដោយដែលបង្ហាញដោយភាគីនីមួយៗក្រៅផ្លូវការក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅមិនទាន់ក្លាយជាតួលេខផ្លូវការដែលតំណាងឲ្យភាគីរបស់ខ្លួននៅឡើយទេ»។ លោក ហេង សួរ បន្ថែម។
សម្រាប់កិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងឆ្នាំ២០១៩ត្រូវបានលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍កាលពីថ្មីៗនេះថា នឹងបញ្ចប់ឱ្យបានមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ ពោលគឺយ៉ាងយូរបំផុតត្រឹមថ្ងៃទី៥ ខែតុលាខាងមុខ៕