កម្ពុជា​ស្នើ AFD បន្ត​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម

  • 2018-09-12 01:48:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​កិច្ចពិភាក្សា​ការងារ​ជាមួយ លោកស្រី Florence Deram Malerbe អ្នកពិគ្រោះ​យោបល់ នៃ​ភ្នាក់ងារ​អភិវឌ្ឍ​បារាំង (AFD) កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ស្នើ​អង្គការ AFD បន្ត​គាំទ្រ ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា លើ​គម្រោង​នានា ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ ប្រែក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នា​ឆ្នាំ​២០៣០។

​លោក​វេង សាខុន ស្នើ​ឲ្យ​អង្គការ AFD ពិចារណា​លើ​ការរៀបចំ​គម្រោង ស្តី​ពី​កសិកម្ម​ចម្រុះ ដែល​មិន​ផ្តោត​លើ​តែ​ដំណាំ​ស្រូវ តែ​ត្រូវ​បញ្ចូល​នូវ​ការ​ចិញ្ចឹម​សត្វ បន្លែ និង​ដំណាំ ដែល​កំពុង​មាន​សក្ដានុពល​លើ​ទីផ្សារ​។​ទន្ទឹម នឹង​នេះ លោក​ក៏​បាន​ធ្វើ​ការណែនាំ​មួយ​ចំនួន​ទៅ​លើ​ការគ្រប់គ្រង និង​ការប្រើប្រាស់​ទឹក​ឲ្យ​មាន​ប្រសិទ្ធភាព ចំ​គោលដៅ ដើម្បី​កាត់បន្ថយ​ថ្លៃដើម បង្កើន​ទិន្នផល និង បង្កើន​ប្រាក់ចំណូល​ទៅ​ដល់​កសិករ​ផង​ដែរ។​

​ប៉ុន្តែ​លោកស្រី Florence Deram Malerbe បាន​ស្នើ​ឱ្យ​ក្រសួង​កសិកម្ម ធ្វើការ​វាយតម្លៃ​ជាមុន​សិន លើ​លទ្ធផល​គម្រោង ដែល​បាន​អនុវត្ត​រយៈពេល​កន្លងមក ដើម្បី​យក​ទៅ​កែសម្រួល និង​បំពេញ​បន្ថែម​ធ្វើ​យ៉ាង​ណា​ឲ្យ​សកម្មភាព​គម្រោង​ក្នុង​ពេល​បច្ចុប្បន្ន និង​អនាគត ស្របតាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល និង​គោលនយោបាយ​របស់​ក្រសួង​កសិកម្ម៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;