ក្រុងប៉េកាំង ប្រាប់​ប្រធាន​សិទ្ធិ​មនុស្ស​ថ្មី​របស់ UN ឲ្យ​គោរព​អធិបតេយ្យភាព​ចិន

  • 2018-09-12 02:44:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ចិន​បាន​អំពាវនាវ​ឲ្យ​លោកស្រី Michelle Bachelet ប្រធាន​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ដែល​ទើប​ទទួល​តំណែង​នេះ​កាលពី​ពេល​ថ្មីៗ គោរព​អធិបតេយ្យភាព​របស់​ចិន បន្ទាប់​ពី​លោកស្រី​បាន​លើកឡើង​ពី​បញ្ហា​ការ​ចោទប្រកាន់​ជុំវិញ​ការ​ចាប់ខ្លួន​ជនជាតិ​ភាគតិច​អ៊ុយហ្គ័រ នៅ​តំបន់​ស៊ីនជាំង របស់​ចិន។

លោកស្រី Michelle Bachelet ប្រធាន​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ/ រូបភាព៖ Yahoo News
ប្រធាន​សិទ្ធិ​មនុស្ស​រូប​នេះ​បាន​រិះគន់​ការ​បន្ត​បង្រ្កាប​របស់​ចិន​លើ​សហមន៍​អ៊ុយហ្គ័រ នៅ​ក្នុង​សុន្ទរកថា​ដំបូង​របស់​លោកស្រី ក្នុង​នាម​ជា​ប្រធាន​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ២០១៨ ម្សិលមិញ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក Geng Shuang បាន​ថ្លែង​ថា លោកស្រី Bachelet ត្រូវតែ​គោរព​បេសកកម្ម និង​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ។ លោក​បន្ថែម​ថា លោកស្រី​ត្រូវតែ​គោរព​អធិបតេយ្យភាព​របស់​ចិន ដោយ​ត្រឹមត្រូវ និង​អព្យាក្រឹត្យ និង​មិន​ត្រូវ​ស្ដាប់​ព័ត៌មាន​តែ​ម្ខាង នៅ​ពេល​កំពុង​បំពេញ​តួនាទី​របស់​លោកស្រី។

សូម​បញ្ជាក់​ថា កិច្ចពិភាក្សា​របស់​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ កាលពី​ខែ​មុន បាន​លើកឡើង​ថា ជនជាតិ​អ៊ុយហ្គ័រ​ប្រមាណ ១​លាន​នាក់​ត្រូវ​បាន​អាជ្ញាធរ​ចិន​ឃុំឃាំង។ ប៉ុន្ដែ​ខាង​ប្រទេស​ចិន​បាន​បដិសេធ​ចំពោះ​របាយការណ៍​នេះ៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;