រកឃើញ​សត្វ​ទោច​ថ្ពាល់លឿង ១ពាន់​ក្បាល នៅដែន​ជម្រក​សត្វព្រៃ​កែវសីមា

  • 2018-09-12 06:25:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ​សង្គម​អភិរក្ស​សត្វព្រៃ WCS បាន​ឱ្យដឹង​កាលពី​ថ្ងៃទី១១កញ្ញា​ថា សត្វ​ទោចថ្ពាល់​លឿង​ប្រមាណ ១ពាន់​ក្បាល​ត្រូវបាន​រកឃើញ​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា។

ទោចថ្ពាល់​លឿង​ជា​ប្រភេទ​សត្វ​រងគ្រោះ​ជិត​ផុតពូជ​ដែល​ចូលចិត្ត​រស់នៅ​លើ​ដើមឈើ​ខ្ពស់ៗ ចិញ្ចឹម​ជីវិត​ដោយ​ស៊ី​ស្លឹកឈើ និង​ផ្លែឈើ​ជា​ចំណី​អាហារ។ សត្វ​កម្រនេះ​ តែងតែ​បញ្ចេញ​សំឡេង​ឆ្លងឆ្លើយ​គ្នា​បង្កើត​ជា​ចម្រៀង​យ៉ាង​គ្រលួច​នាពេល​ព្រឹក​ព្រលឹម។

ទោចថ្ពាល់លឿង ដែលស្ថិតនៅក្នុងជុំវុំ Jahoo Gibbon ខេត្តមណ្ឌលគិរី (រូបថតពីវីដេអូបង្ហោះនៅលើហ្វេសប៊ុកអង្គការ WCS)
អង្គការ WCS បញ្ជាក់​ថា ប្រសិន​បើ​លោកអ្នក​ចង់ឃើញ​ និង​ស្តាប់​សំនៀង​ដ៏​ពិរោះ​រណ្តំ​របស់​សត្វទោច​ថ្ពាល់លឿង គឺ​អាចទៅ​ទស្សនា​កម្សាន្ត​នៅ​ជុំរុំ Jahoo Gibbon ក្នុង​សហគមន៍​អេកូ​ទេសចរណ៍​ធម្មជាតិ​អណ្តូង​ក្រឡឹង ដែលមាន​ទីតាំង​ស្ថិត​នៅក្នុង​ភូមិ​អណ្តូងក្រឡឹង ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី។ 

បើ​​តាម​របាយការណ៍​របស់ WWF (អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ) ចេញផ្សាយ​កាលពីដើមឆ្នាំ២០១៨នេះ បាន​បង្ហាញ​ថា កម្ពុជា មាន​ចំនួន​សត្វ​ទោច​ថ្ពាល់​លឿង​ច្រើន​ជាង​គេ​បង្អស់ នៅ​លើ​ពិភពលោក ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ចំនួន​ឡើយ។

ទោច​ថ្ពាល់​លឿង មាន​ដើម​កំណើត​នៅ​ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ ហើយ​​ពួក​វា​រស់នៅ​ក្នុង​ព្រៃ​ត្រូពិច។ សត្វ​នេះ កំពុង​មាន​វត្តមាន​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច និង​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា ក្នុង​ខេត្ត​មណ្ឌលគីរី ព្រម​ទាំង​នៅ​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង​ផងដែរ។ នេះ​បើតាម​អង្គការ WWF ដែលបាន​ដកស្រង់​ទិន្នន័យចេញពី​អង្គការ IUCN (អង្គការ​សហភាព​អន្តរជាតិ​អភិរក្ស​ធនធាន​ធម្មជាតិ)៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;