ការ​រុករក​យន្តហោះ MH370 ដែល​សង្ស័យ​ធ្លាក់​ក្នុង​ព្រៃ​កម្ពុជា ចេញ​លទ្ធផល​ហើយ

  • 2018-09-15 01:39:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ជំនាញ​ខាង​អាកាសចរណ៍​ចំនួន​១រូប អម​ដំណើរ​ដោយ​មនុស្ស​២នាក់​ផ្សេង​ទៀត បាន​ជួល​ឧទ្ធម្ភាគចក្រ​១គ្រឿង​ ដើម្បី​ជិះ​ស្វែងរក​ទីតាំង​ក្នុង​ព្រៃ​ដែល​ត្រូវ​បាន​សង្ស័យ​ថា ជា​ទីតាំង​ដែល​យន្តហោះ​របស់​អាកាសចរណ៍​ម៉ាឡេស៊ី MH370 បាន​ធ្លាក់។ ជា​លទ្ធផល ក្រុម​របស់​អ្នក​ជំនាញ​នេះ មិន​អាច​រក​ឃើញ​បំណែក​យន្តហោះ​ណា​មួយ​នៅ​ទីតាំង​នោះ​ទេ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​អង់គ្លេស The Sun កាល​ពី​ថ្ងៃ​ទី១៤ ខែ​កញ្ញា ឆ្នាំ​២០១៨។

លោក Zorba Parer ទីប្រឹក្សា​អាកាសចរណ៍ អមដំណើរ​ដោយ​លោក Nara Kang អ្នក​ជំនួញ​ក្នុង​ស្រុក និង​អ្នក​រាយការណ៍​ព័ត៌មាន​ឈ្មោះ Michael Carr បាន​ជិះ​ឧទ្ធម្ភាគចក្រ​ដែល​ក្រុម​ខ្លួន​បាន​ជួល ដើម្បី​ស្វែង​រក​យន្តហោះ​នៅ​ក្នុង​ព្រៃ នៅ​ម្ដុំ​ភ្នំ​ឱរ៉ាល់​កម្ពុជា។ យ៉ាងណា​ក៏ដោយ លោក Parer បាន​ថ្លែង​ថា៖ «ពួកយើង​បាន​ព្យាយាម​ស្វែង​រក​បំណែក​យន្តហោះ ដែល​អាច​បែក​ខ្ចាត់ខ្ចាយ។ ក៏​ប៉ុន្តែ​ពួក​យើង​រក​មិន​ឃើញ​អ្វី​ឡើយ​។ ពួក​យើង​មិន​អាច​រក​ដាន​នៃ​យន្តហោះ ឬ​ក៏​សញ្ញា​នៃ​សាកសព​មនុស្ស​ណាម្នាក់​ឡើយ»

លោក Zorba Parer និងក្រុមរបស់លោក ជួលឧទ្ធម្ភាគចក្រ ជិះស្វែងរកបំណែកយន្តហោះ MH370 ដែលសង្ស័យថា បានធ្លាក់នៅក្នុងព្រៃកម្ពុជា (រូបថត៖ Cambodia Expats Online)
ថ្មីៗ​នេះ​ដែរ ប្រទេស​ចិន​បាន​ប្រើប្រាស់​ផ្កាយរណប​ដើម្បី​ផ្ដិត​យក​រូបភាព​នៅ​ទីតាំង​មួយ នៅ​ក្នុង​ព្រៃ​កម្ពុជា ដែល​ត្រូវ​បាន​សង្ស័យ តែ​ជា​លទ្ធផល ក៏​មិន​អាច​រកឃើញ​បំណែក​យន្តហោះ​ណាមួយ​ឡើយ​ដែរ​។
រូបភាពផែនទីដែលគេសង្ស័យថា ជាទីតាំងដែលយន្តហោះ បានធ្លាក់

សូម​បញ្ជាក់​ថា ការ​ស្វែងរក​របស់​ក្រុម​លោក Parer បាន​ធ្វើ​ឡើង បន្ទាប់ពី​ពេល​កន្លង​ទៅ ​សារព័ត៌មាន​បរទេស​ជា​ច្រើន​បាន​ចុះ​ផ្សាយ​​ថា យន្តហោះ MH370 របស់​ម៉ាឡេស៊ី ទំនង​ជា​ធ្លាក់​​នៅ​ក្នុង​ទឹក​ដី​ប្រទេស​កម្ពុជា។ ការ​អះអាង​ទាំង​នេះ ត្រូវ​បាន​ពឹងផ្អែក​លើ​រូបថត​ពី​ផែនទី​លើ Google Earth ដែល​បង្ហាញ​វត្ថុ​ម្យ៉ាង មាន​រាង​ដូច​យន្ត​ហោះ ស្ថិតនៅ​ម្ដុំ​ព្រៃ​ក្រាស់ នា​ភ្នំ​ឱរ៉ាល់ ចន្លោះ​ព្រំ​ប្រទល់​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ពោធិ៍សាត់។

ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ដែល​ថា MH370 ធ្លាក់​នៅ​កម្ពុជា ត្រូវ​អគ្គនាយក​អាកាសចរណ៍​ស៊ីវិល​កម្ពុជា លោក កែវ ស៊ីវន បាន​ធ្វើ​ការ​បដិសេធ។ លោក កែវ ស៊ីវន បាន​បញ្ជាក់​ប្រាប់ [ខ្លីៗ]​ នៅ​ថ្ងៃ​ទី​៤​កញ្ញា​ថា ប្រសិន​បើ​នេះ​ជា​រឿង​ពិត ទោះ MH370 ធ្លាក់​នៅ​កន្លែង​ណា​ក៏​ដោយ​នៅ​ក្នុង​ប្រទេស​កម្ពុជា នោះ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​នឹង​រុករក​ឃើញ​មិន​ខាន។ ប៉ុន្តែ​​វា​គ្រាន់​តែ​ជា​ព័ត៌មាន​ប្រឌិត​តែ​ប៉ុណ្ណោះ។

ព័ត៌មាន​ធ្លាក់ MH370 នៅ​កម្ពុជា ចាប់​ផ្ដើម​ចុះ​ផ្សាយ​ដំបូង​ឡើយ​ដោយ​សារព័ត៌មាន​អង់គ្លេស​ឈ្មោះ Daily Star។ Daily Star បាន​ស្រង់​សម្ដី​លោក Ian Wilson អ្នក​ជំនាញ​បច្ចេកវិទ្យា​ម្នាក់ ដែល​អះអាង​ពី​ការ​រក​ឃើញ​បំបែក​យន្តហោះ MH370 តាម​រយៈ Google Maps និង Google Earth។ លោក​ថា បំបែក​នោះ​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​លើ​តំបន់​ព្រៃ​ខ្ពស់​មួយ​ ស្ថិត​ក្នុង​ប្រទេស​កម្ពុជា។ លោក​បាន​បញ្ជាក់​ថា បំបែក​នោះ​មាន​ប្រវែង​ប្រមាណ​ជា ៧០​ម៉ែត្រ ខណៈ​ដែល MH370 មាន​ត្រឹម ៦៣,៧​ម៉ែត្រ។ ប៉ុន្តែ​លោក Wilson ប្រាប់​ថា ប្រវែង​ដែល​លើស​ខ្វះ​គ្នា​នេះ​អាច​បណ្ដាល​មក​ពី​ការ​បែកបាក់​តួ​ខ្លួន និង​កន្ទុយ​យន្តហោះ។

គួរ​រំឭក​ថា យន្តហោះ MH370 បាន​បាត់ខ្លួន ​កាល​ពី​ឆ្នាំ​២០១៤ ជាមួយ​មនុស្ស ២៣៩ ដែល​នៅ​លើ​យន្តហោះ។ យន្តហោះ​នេះ បាន​ធ្វើដំណើរ​ពីក្រុង​កូឡាឡាំពួរ ទៅកាន់​ក្រុង​ប៉េកាំង ប្រទេស​ចិន ប៉ុន្តែ​បាន​បាត់​ពី​រ៉ាដា ពេល​កំពុង​ធ្វើដំណើរ។ ការ​បាត់​ខ្លួន​របស់ MH370 ត្រូវ​ចាត់​ទុក​ជា​អាថ៌​កំបាំង​ដ៏​ធំ​បំផុត​មួយ​ ក្នុង​ប្រវត្តិសាស្ត្រ៕

លោក Zorba Parer និងក្រុមរបស់លោក ជួលឧទ្ធម្ភាគចក្រ ជិះស្វែងរកបំណែកយន្តហោះ MH370 ដែលសង្ស័យថា បានធ្លាក់នៅក្នុងព្រៃកម្ពុជា (រូបថត៖ Cambodia Expats Online)
ព្រៃឈើ ថតពីលើឧទ្ធម្ភាគចក្រដោយក្រុមការងារលោក Perer (រូបថត៖ Cambodia Expats Online)

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;