សាលា​ឧទ្ធរណ៍​នៅ​តែ​បើក​សវនាការ​លើ​សំណុំ​រឿង​លោក​កឹម សុខា ទោះ​មេធាវី​ដក​ពាក្យ​បណ្តឹងក៏ដោយ​

  • 2018-09-15 02:54:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សាលា​ឧទ្ធរណ៍ ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​លោក​ កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​ករណី​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨ ខាងមុខ​នេះ ដោយ​គ្មាន​ការ​លើក​ពេល ឬ​លុបចោល​នោះ​ទេ បើ​ទោះ​បីជា​មេធាវី​ដក​ពាក្យ​បណ្តឹង​ក៏ដោយ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ទូច ថារិទ្ធិ អគ្គលេខាធិការ​រង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍។

ទិដ្ឋភាពនៅមុខផ្ទះរបស់លោក កឹម សុខា កាលពីថ្ងៃទី១០កញ្ញា ២០១៨

លោក ទូច ថារិទ្ធិ បាន​បញ្ជាក់​ថា តាម​នីតិវិធី​នៅ​ថ្ងៃ​ទី១៧ ខែ​កញ្ញា សាលាឧទ្ធរណ៍​នៅតែ​​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំ​រឿង​ លោក កឹម សុខា នៅ​ដដែល ដើម្បី​ចេញដីកា​សម្រេច​ទៅ​លើ​ពាក្យ​បណ្តឹង​របស់​មេធាវី​តំណាង​ឲ្យ​លោក កឹម សុខា។ ការ​បើក​សវនាការ​នេះ គឺ​ពាក់ព័ន្ធ​ទៅនឹង​បណ្តឹង​អាជ្ញា ទោះបីជា​ក្រុម​មេធាវី​លោក កឹម សុខា ដក​ពាក្យ​បណ្តឹង​ក៏ដោយ ប៉ុន្តែ​នីតិវិធី​ទាញ​ហេតុផល​ហើយ សាលាឧទ្ធរណ៍​ចេញ​ជាដីកា​សម្រេច។

ជាមួយ​គ្នា​នេះ លោក អ៊ឹម សុផាន អគ្គ​ព្រះរាជអាជ្ញា​អម​សាលា​ឧទ្ធរណ៍​ បាន​ចាត់​ឲ្យ​នាំ​លោក កឹម សុខា មកកាន់​សាលាឧទ្ធរណ៍​នៅ​ពេល​បើក​សវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី១៧ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​ ២រសៀល។ នេះ​បើ​យោង​តាម​លិខិត​កាល​ពី​ថ្ងៃ​ទី០៧ ខែ​កញ្ញា ឆ្នាំ​២០១៨។

ក្រុម​មេធាវី​ការពារ​លោក កឹម សុខា កាលពី​រសៀល​ថ្ងៃ​ទី១៤ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​ដាក់​ពាក្យ​ស្នើសុំ​ដក​ពាក្យ​បណ្តឹង​ឧទ្ធរណ៍​លើ​ដីកា​សម្រេច​ពន្យារ​ឃុំខ្លួន​លោក កឹម សុខា ទៅ​សាលា​ឧទ្ធរណ៍។ ការ​ដក​ពាក្យ​នេះ គឺ​បន្ទាប់​ពី​កូនក្តី​ខ្លួន​ លោក កឹម សុខា ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញដីកា​បង្គាប់​ឲ្យ​ដោះលែង​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​កាលពី​ថ្ងៃ​ទី០៩ ខែ​កញ្ញា ឆ្នាំ​២០១៨។

លោក ផែង ហេង មេធាវី​ការពារ​លោក កឹម សុខា បាន​ថ្លែង​ថា ការ​ដក​ពាក្យ​បណ្តឹង​នេះ គឺ​បាន​ដាក់​ទៅ​សាលា​ឧទ្ធរណ៍​រួចហើយ​កាលពី​រសៀល​ថ្ងៃ​ទី១៤ ខែ​កញ្ញា។ ដោយ​លោក​បាន​រៀបរាប់​ថា កាលពី​ថ្ងៃ​ទី០៣ ខែ​កក្កដា ឆ្នាំ​២០១៨ ក្រុម​មេធាវី​បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​ឧទ្ធរណ៍​ទៅ​នឹង​ដីកា​ពន្យារពេល​ឃុំខ្លួន​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ​២០១៨។ ហើយ​ដោយសារ​នៅ​ថ្ងៃ​ទី០៩​ខែ​កញ្ញា ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កែប្រែ​សេចក្តី​សម្រេច​របស់​គាត់ ដោយ​បាន​ចេញដីកា​សម្រេច​ឲ្យ​លោក កឹម សុខា នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន។ ចំពោះ​ការ​បើក​សវនាការ​របស់​សសាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ទី១៧ ខែ​កញ្ញា ខាងមុខ​នេះ វា​មាន​ភាព​មិន​ច្បាស់លាស់​មួយ ហើយ​ក្រុម​មេធាវី​ការ​បាន​ជំនុំ​គ្នា​ជាមួយ​កូន​ក្តី (លោក កឹម សុខា) សម្រេច​ដក​បណ្តឹង​ឧទ្ធរណ៍​ចេញ​វិញ។

ទិដ្ឋភាពនៅមុខផ្ទះរបស់លោក កឹម សុខា កាលពីថ្ងៃទី១០កញ្ញា ២០១៨

គួរ​បញ្ជាក់​ថា លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​ចេញដីកា​បង្គាប់​ទៅ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ឲ្យ​ដោះលែង​លោក កឹម សុខា ហើយ​ត្រូវ​បាន​តំណាង​អយ្យការ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ប្រព្រឹត្ត​នៅ​កម្ពុជា និង​កន្លែង​ផ្សេង​ទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ បទល្មើស​ព្រហ្មទណ្ឌ​នេះ មាន​ចែង និង​ឲ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា៤៤៣ ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

អត្ថបទ៖ សោភា

;