៦សន្លឹក បង្ហាញពីមុខរបរផលិតឆ្នាំងដេរ៉ា នៅខេត្តកំពង់ចាម
- 2018-09-16 06:17:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦សន្លឹក បង្ហាញពីមុខរបរផលិតឆ្នាំងដេរ៉ា នៅខេត្តកំពង់ចាម
ចន្លោះមិនឃើញ
ធ្លាប់ឃើញគេផលិតឆ្នាំងដេរ៉ា នៅខ្មែរដែរទេ? មានអ្នកខ្លះធ្លាប់ឃើញ ខ្លះនៅមិនទាន់បានឃើញ ដូច្នេះថ្ងៃនេះ ក្រុមការងារផ្លូវទៅស្រុកវគ្គ២ នឹងបង្ហាញរូបថត៦សន្លឹក ដោយភ្ជាប់ការរៀបរាប់ពីម្ចាស់សិប្បកម្មផលិតឆ្នាំងដេរ៉ាមួយកន្លែង ដូចខាងក្រោមនេះ៖
១. លោក គឹម ចាន់ វ័យ៤០ឆ្នាំ ជាម្ចាស់សិប្បកម្មផលិតឆ្នាំងដេរ៉ា (ឆ្នាំងចាក់អាលុយមីញ៉ូម) នៅភូមិដំណាក់ស្នាយ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។ ដោយអភិវឌ្ឍខ្លួនពីអ្នកស៊ីឈ្នួលចាក់ឆ្នាំងឱ្យគេ លោក គឹម ចាន់ បានប្រថុយចេញមករកស៊ីចាក់ឆ្នាំងដេរ៉ាលក់ដោយខ្លួនឯងនៅឆ្នាំ ២០០០។ កាលណោះ លោកមានចង្ក្រានដែលមានបំពង់រំលាយអាលុយមីញ៉ូមតែ៣ បំពង់ប៉ុណ្ណោះ។ បច្ចុប្បន្នលោកចង្ក្រានស្លដែកធំជាងមុន និង មានបំពង់រំលាយរហូតដល់ទៅ ៨បំពង់។
២. ជារៀងរាល់ព្រឹក កម្មករ ចាប់ផ្ដើមការងាររបស់ពួកគេ នៅក្រោមរោងសិប្បកម្មប្រក់ស័ង្កសី ខាងមុខផ្ទះខ្ពស់របស់លោកគឹម ចាន់។ អ្វីដែលពួកគេធ្វើមុនគេ គឺ ការដំឡើងពុម្ពឆ្នាំង ដែលធ្វើពីដីខ្សាច់ម៉ត់ល្អ។ ដីខ្សាច់ទាំងនោះ ត្រូវបានគេយកទៅរោយ បិទសង្កត់ពីលើឆ្នាំងដេរ៉ាដែលមានស្រាប់ នៅក្នុងប្រអប់ឈើមួយ។បន្ទាប់មក គេលើកឆ្នាំងចេញ ហើយទុកប្រហោងតូចមួយសម្រាប់ ចាក់ទឹកអាលុយមីញ៉ូមចូលទៅក្នុង។ កម្មករទាំងនេះ ទទួលបានបានប្រាក់កម្រៃ ៣ម៉ឺនរៀលក្នុងមួយថ្ងៃ។
៣. ក្នុងអំឡុងពេលចាក់ពុម្ពឆ្នាំង កម្មករខ្លះទៀត ទៅបង្កាត់ភ្លើង ហើយចាប់ផ្តើមស្ល រំលាយកម្ទេចអាលុយមីញ៉ូម ដែលមានដូចជាកំប៉ុងស្រាបៀរ ស៊ុមបង្អួច ជាដើម។ ក្នុងមួយថ្ងៃៗ សិប្បកម្មលោក គឹម ចាន់ ស្ល រំលាយកម្ទេចអាលុយមីញ៉ូម ប្រហែល ១០០គីឡូក្រាម។ កម្មករទាំងនេះ ក៏ទទួលបានប្រាក់កម្រៃ ៣ម៉ឺនរៀលក្នុងមួយថ្ងៃដែរ។
៤. នៅពេលដែលកម្ទេចអាលុយមីញ៉ូមរលាយហើយ កម្មករនាំគ្នាយកដង្កៀបធំ កៀបបំពង់ផ្ទុកអាលុយមីញ៉ូម ទៅចាក់ក្នុងពុម្ព ដែលត្រៀមរួចជាស្រេច។
៥. មួយសន្ទុះក្រោយមក ពួកគេនាំគ្នា រើពុម្ពដីខ្សាច់ចេញ ហើយយកទំពក់ថ្ពក់ឆ្នាំងដេរ៉ា ដែលទើបផលិតថ្មីចេញពីក្នុងដីខ្សាច់។ ក្នុងមួយថ្ងៃៗ សិប្បកម្មលោក គឹម ចាន់ ផលិតឆ្នាំងដេរ៉ា បានពី ២០ ទៅ ៦០ឆ្នាំង។
៦. ឆ្នាំងដេរ៉ា ដែលទើបផលិតថ្មីនេះ នៅមិនទាន់រលោងស្អាត និង អាចប្រើប្រាស់បាននៅឡើយទេ។ ដូច្នេះ ហើយ គេត្រូវយកវាទៅក្រឡឹង និង ឆាបឱ្យភ្លឺរលោង និងស្អាតល្អជាបន្តទៀត។ ជាធម្មតាកម្មករ ដែលឆាបឆ្នាំងនេះ ទទួលបានកម្រៃពី ១២០រៀល ទៅ ៣២០រៀល ក្នុងឆ្នាំងមួយ៕