រកឃើញអ្នកទេសចរដំបូងគេ ដែលមានសំណាងបានឡើងទៅទស្សនាភពព្រះចន្ទហើយ
- 2018-09-18 07:10:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញអ្នកទេសចរដំបូងគេ ដែលមានសំណាងបានឡើងទៅទស្សនាភពព្រះចន្ទហើយ
ចន្លោះមិនឃើញ
ក្រុមហ៊ុនឯកជនពាក់ព័ន្ធនឹងអវកាសនៅសហរដ្ឋអាមេរិក SpaceX បានបង្ហាញឈ្មោះអ្នកទេសចរដំបូងគេ ដែលនឹងឡើងទៅទស្សនាភពព្រះចន្ទ។ អ្នកទេសចរនោះគឺ លោក Yasaku Maezawa អាយុ៤២ឆ្នាំ មហាសេដ្ឋីជនជាតិជប៉ុន និងជាអ្នករកស៊ីខាងម៉ូដសម្លៀកបំពាក់។
លោក Maezawa នឹងជិះយានអវកាសដែលបំពាក់គ្រាប់រ៉ុកកែតឈ្មោះ Big Falcon Rocket ។ គ្រាប់រ៉ុកកែតនេះត្រូវបានលោក Elon Musk បង្ហាញជាផ្លូវការកាលពីឆ្នាំ២០១៦។ យ៉ាងណាមិញ មិនមានការបញ្ជាក់ពីតម្លៃធ្វើដំណើរកម្សាន្តទៅកាន់ភពព្រះចន្ទនេះទេ។
ក្រុមហ៊ុនដដែលបានឲ្យដឹងថា ដំណើរកម្សាន្តនេះ គឺគ្រាន់តែជិះយានអវកាសទស្សនានៅជុំវិញព្រះចន្ទប៉ុណ្ណោះ។ បើតាមគម្រោង ដំណើរកម្សាន្តទៅកាន់ព្រះចន្ទលើកដំបូងនេះ នឹងត្រូវធ្វើឡើងនៅក្នុងឆ្នាំ២០២៣។
សូមរំឭកថា លោក Maezawa ដែលជាអ្នកស្រឡាញ់រូបគំនូរ ហ៊ានចំណាយប្រមាណ ១១០លានដុល្លារអាមេរិកដើម្បីទិញរូបគំនូរ១ផ្ទាំង ដែលត្រូវបានគូរដោយវិចិត្រករល្បីល្បាញរបស់អាមេរិក ក្នុងពិធីដេញថ្លៃមួយនៅក្រុងញ៉ូយ៉ក កាលពីឆ្នាំទៅ។
បើជោគជ័យ ដំណើរកម្សាន្តទៅកាន់ភពព្រះចន្ទរបស់លោក Maezawa នឹងក្លាយជាការធ្វើដំណើរទៅកាន់ភពព្រះចន្ទជាលើកដំបូង ក្នុងរយៈពេលជិត៥០ឆ្នាំ ពោលគឺបន្ទាប់ពីទីភ្នាក់ងារអវកាស NASA របស់អាមេរិក បានបញ្ជូនអវកាសយានិករបស់ខ្លួនទៅកាន់ព្រះចន្ទ ក្នុងបេសកកម្ម Apollo 17 កាលពីឆ្នាំ១៩៧២។
មកទល់ពេលនេះ មានមនុស្សត្រឹមតែ ២៤នាក់ប៉ុណ្ណោះ ដែលធ្លាប់ទៅកាន់ព្រះចន្ទ ហើយអ្នកទាំងនោះ សុទ្ធតែជាអវកាសយានិករបស់អាមេរិក កាលពីសតវត្សទី២០៕