សម្តេច ហ៊ុន សែន ថា​លោក កឹម សុខា មិនទាន់​បាន​រួចទោស​នោះទេ

  • 2018-09-19 02:58:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​ថា លោក កឹម សុខា មិន​ទាន់បាន​រួចទោស​ទាំងអស់​ទេ គ្រាន់តែ​ដូរ​ទីតាំង​ឃុំឃាំង​តែ​ប៉ុណ្ណោះ ដោយ​បារម្ភ​ខ្លាច​លោក​មាន​គ្រោះថ្នាក់​សុខភាព​ក្នុង​ពន្ធនាគារ។ ការថ្លែង​នេះ ធ្វើឡើង​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ-កម្មការិនី​សរុប​ប្រមាណ​ជាង ២ម៉ឺន ៧ពាន់​នាក់ ក្នុងខេត្ត​កំពង់ស្ពឺ នាព្រឹក​ថ្ងៃទី១៩​កញ្ញា​នេះ។

សម្តេច​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​​យ៉ាង​ដូច្នេះ​ថា៖ «ថ្ងៃមុន​សម្ដេច​ក្រឡា​ហោម ស ខេង បាន​និយាយ​ម្ដងហើយ តែ​ថ្ងៃនេះ​ខ្ញុំ​បញ្ជាក់​ថា អត់ទាន់​រួចទោស​ទាំងអស់​គ្រាន់តែ​ដូរ​ទីតាំង​ឃុំឃាំង​តែ​ប៉ុណ្ណឹង​ទេ ក្រែងលោ​វា (លោក កឹម សុខា) ងាប់​ក្នុង​គុក វា​បង្កើត​រឿង​ដល់​រាជ​រដ្ឋាភិបាល»។

សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករនាពេលកន្លងមក
«**ក្នុង​គោលដៅ​មនុស្សធម៌ និង​រក្សា​សុវត្ថិភាព​ពិរុទ្ធជន យើងមិន​ទាន់​អាច​ហៅ​គេ ទណ្ឌិត បាន​ទេ នៅ​ប្រទេស​របស់​យើង​ មិនទាន់​មាន​ច្បាប់​ឃុំខ្លួន​ក្នុងផ្ទះ​ទេ វា​នៅ​ចន្លោះ​កន្លែង​ហ្នឹង តុលាការ​គេ​កំណត់​តំបន់​មួយ ឱ្យ​មនុស្ស​ស្នាក់នៅ ហើយគេ​អាច​ចង្អុល​ឱ្យ​ស្នាក់នៅ​ក្នុងផ្ទះ​ហ្នឹង​តែម្តង**»។ ប្រមុខ​រាជ​រដ្ឋាភិបាល​ពន្យល់​បន្ថែម។

សូម​រំលឹក​ថា កាលពី​ព្រឹក​ទាបភ្លឺ​ថ្ងៃ១០​កញ្ញា លោក កឹម សុខា អតីត​ប្រធាន​នៃអតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​ចេញពី​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ។ លោក​​ត្រូវបាន​ដឹកមក​ដល់​គេហដ្ឋាន​របស់​លោក​វិញ​នៅ​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ ការ​សម្រេច​​ដោះលែង​នេះ ដោយ​ផ្អែក​លើ​ហេតុផល​ខាង​សុខភាព និង​មាន​ការ​ធានា​ខាង​ផ្នែក​នីតិវិធី​ច្បាស់លាស់​ថា ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា នឹង​មិន​អាច​រត់​គេច​ខ្លួន​ពី​នីតិវិធី​តុលាការ​ឡើយ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;