កូរ៉េខាងត្បូង គ្រោងបង្កើត "វិទ្យាស្ថានបច្ចេកវិទ្យាសំណង់" នៅកម្ពុជា
- 2018-09-19 06:48:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងត្បូង គ្រោងបង្កើត "វិទ្យាស្ថានបច្ចេកវិទ្យាសំណង់" នៅកម្ពុជា
ចន្លោះមិនឃើញ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កូរ៉េខាងត្បូង មានផែនការបង្កើត "វិទ្យាស្ថានបច្ចេកវិទ្យាសំណង់កម្ពុជា-កូរ៉េ (C-KICT)" ដែលនឹងដើរតួនាទីជាមូលដ្ឋានគ្រឹះសម្រាប់ក្រសួង ក្នុងការធានាឱ្យបាននូវស្តង់ដារគុណភាពនៃសំណង់ នៅកម្ពុជា។ ផែនការនេះ ត្រូវបានលោក Sung Heon Han ប្រធានវិទ្យាស្ថានបច្ចេកវិទ្យាសំណង់កូរ៉េ (KICT) បង្ហាញទៅកាន់គណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ កាលពីថ្ងៃទី១៨ កញ្ញា ២០១៨។
លោក Sung Heon Han ក៏បានណែនាំដល់គណៈប្រតិភូ ឱ្យស្គាល់បច្ចេកវិទ្យាសំណង់ធំៗរបស់កូរ៉េ ប្រព័ន្ធលើកកម្ពស់សុវត្ថិភាពសំណង់ និងចរាចរណ៍ ព្រមទាំងប្រព័ន្ធគ្រប់គ្រងសម្ភារៈការដ្ឋាន ផងដែរ។
ក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅវិទ្យាស្ថានដែលស្ថិតក្នុងក្រុងសេអ៊ូលនេះ លោក ស៊ុន ចាន់ថុល បានជម្រាបជូនលោកប្រធានវិទ្យាស្ថាន អំពីបញ្ហាប្រឈម នាពេលបច្ចុប្បន្ន ពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់កម្ពុជាផងដែរ។ ក្នុងនោះលោកបានគូសបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជានាពេលបច្ចុប្បន្ន បានសម្លាប់មនុស្សប្រមាណ ៥នាក់ និងបង្ករបួសស្នាមពី២០ ទៅ៥០នាក់ក្នុងមួយថ្ងៃ។
លោកទេសរដ្ឋមន្រ្តី បានកត់សម្គាល់ថា កម្ពុជាចាំបាច់ត្រូវធ្វើឱ្យប្រសើរឡើងនូវស្តង់ដារនៃការស្ថាបនាផ្លូវថ្នល់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យមានភាពរឹងមាំ និងប្រើប្រាស់ជាប់បានយូរ។ ជាពិសេស បច្ចេកវិទ្យាជួសជុលផ្លូវថ្នល់មានសារៈសំខាន់ណាស់ ដោយសារតំបន់ភាគខាងត្បូងនៃប្រទេសដូចជា ខេត្តកំពត កែប ព្រះសីហនុ និងកោះកុង មានភ្លៀងធ្លាក់ជោគជាំនៅរដូវវស្សា។
ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល បានសំណូមពរឱ្យ KICT ពន្លឿនការបង្កើតវិទ្យាស្ថាន C-KICT នៅកម្ពុជា ក្នុងរយៈពេល២ឆ្នាំ ឬឆាប់ៗតាមដែលអាចធ្វើទៅបាន។
បើតាមក្រសួងសាធារណការ KICT គឺជាវិទ្យាស្ថានរបស់រដ្ឋាភិបាលកូរ៉េ មានជំនាញឯកទេសខាងការស្រាវជ្រាវ និងវិស្វកម្មសំណង់។ KICT មានបុគ្គលិកជំនាញថ្នាក់បណ្ឌិតជាង ៩០០នាក់ ដែលមានជំនាញផ្សេងៗគ្នា ទាក់ទងនឹងការសាងសង់។ KICT បានបង្កើតស្តង់ដារសំណង់កូរ៉េសម័យទំនើប និងបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ជាមួយក្រសួងសាធារណការ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦៕