លោក កឹម សុខា មានសិទ្ធិជួបបុគ្គលនានា ដែលមិនស្ថិតក្នុងបញ្ជីហាមឃាត់របស់តុលាការ
- 2018-09-20 02:14:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក កឹម សុខា មានសិទ្ធិជួបបុគ្គលនានា ដែលមិនស្ថិតក្នុងបញ្ជីហាមឃាត់របស់តុលាការ
ចន្លោះមិនឃើញ
លោក គី ប្ញទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់លោក កឹម សុខា ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ជំនួសឲ្យវិធានការឃុំខ្លួនជាបណ្ដោះអាសន្ន តែមានសិទ្ធិជួបប្រាស្រ័យទាក់ទងជាមួយបុគ្គលនានា ដែលមិនស្ថិតនៅក្នុងបញ្ជីហាមឃាត់របស់តុលាការ។
ក្នុងសេចក្ដីថ្លែងការណ៍របស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ កញ្ញា ២០១៨ បានឲ្យដឹងថា៖ «ករណីជនត្រូវចោទឈ្មោះ កឹម សុខា ដែលត្រូវបានដាក់ឲ្យស្ថិតក្រោម ការត្រួតពិនិត្យតាមផ្លូវតុលាការខាងលើនេះពុំមែនជាករណីនៃការឃុំខ្លួននៅក្នុងផ្ទះនោះទេ»។
សេចក្ដីថ្លែងការណ៍បន្តថា ការសម្រេចរបស់ចៅក្រមស៊ើបសួរ ក្នុងការហាមឃាត់ ជនត្រូវចោទឈ្មោះ កឹម សុខា មិនឲ្យចាកចេញពីព្រំប្រទល់ដីណាមួយជាកំណត់ គឺជាសិទ្ធិអំណាចរបស់ចៅក្រមស៊ើបសួរ ដែលធ្វើឡើងស្របតាមមាត្រា២២៣ កថាខណ្ឌទី២ ចំណុចទី១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដោយផ្អែកលើហេតុផល ផ្នែកសន្តិសុខសុវត្ថិភាពរបស់ជនត្រូវចោទ និងដើម្បីធានាថា ជនត្រូវចោទនឹងមិនរត់គេចខ្លួនពីនីតិវិធីតុលាការ។
«ក្នុងន័យនេះជនត្រូវចោទ មានសេរីភាព គ្រប់គ្រាន់ក្នុងការចេញពីផ្ទះរបស់ខ្លួនក្នុងព្រំប្រទល់ដែនដីដែលកំណត់ដោយដីកាសម្រេចរបស់ចៅក្រមស៊ើបសួរ និងអាចប្រាស្រ័យទាក់ទងជាមួយបុគ្គលនានាដែលអាចមានការពាក់ព័ន្ធនឹងសំណុំរឿងជាមួយជនត្រូវចោទ ហើយដែលតុលាការកំពុងមានចំណាត់ការ»។ សាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់បន្ថែម។
សូមរំលឹកថា កាលពីព្រឹកទាបភ្លឺថ្ងៃ១០កញ្ញា លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងចេញពីពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។ លោកត្រូវបានដឹកមកដល់គេហដ្ឋានរបស់លោកវិញនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ៕