អង្គការ២ រៀបចំ​បង្កើត​គម្រោង​កៅស៊ូ​ថ្នាក់​តំបន់​ត្រី​ភាគី កម្ពុជា-ថៃ-មីយ៉ាន់ម៉ា

  • 2018-09-20 03:06:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ​ស្បៀង​អាហារ និង​កសិកម្ម FAO និង​អង្គការ CIRAD បាន​ឯកភាព​រៀបចំ​បង្កើត​គម្រោង​កៅស៊ូ​ថ្នាក់​តំបន់​ត្រីភាគី​រវាង​ប្រទេស​កម្ពុជា​ ថៃ និង​មីយ៉ាន់ម៉ា។ នេះបើតាមការបញ្ជាក់​របស់លោកបណ្ឌិត Pierre-Marie Bosc មន្ត្រី​ជានខ្ពស់​នៃ​អង្គការ FAO ក្នុង​ជំនួប​ពិភាក្សា​ជាមួយលោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពីថ្ងៃទី១៩ កញ្ញា ២០១៨ នៅ​ទីស្តីការ​ក្រសួង។

លោក​បណ្ឌិត​លើកឡើង​ថា គម្រោង​នេះ​ផ្តោត​សំខាន់​ទៅលើ​ប្រព័ន្ធ​សង្កេតការណ៍ សិក្សា​ស្រាវជ្រាវ និង​វិភាគ​ជា​លម្អិត​នៃ​លទ្ធផល​ដែល​ទទួល​បាន​នៃ​ប្រទេស​នីមួយៗ ដើម្បី​ធ្វើការ​ប្រៀបធៀប និងវាយ​តម្លៃ​អំពី​ស្ថានភាព ក៏​ដូចជា​ប្រសិទ្ធភាព​នៃការ​អនុវត្ត​ដាំដុះ ការ​ប្រមូល​ផល​ជ័រ​កៅស៊ូ និង​ធ្វើការ​កែ​សម្រួល។

ការ​ឯកភាព​បង្កើត​គម្រោង​នេះ បន្ទាប់ពី​អង្គការ​ទាំង២ បាន​មើលឃើញ​ថា កសិករ​កៅស៊ូ​​គ្រួសារ​ មាន​បញ្ហា​ប្រឈម​ខ្លាំង​គួរឲ្យ​ព្រួយ​បារម្ភ ជាពិសេស​លើ​បញ្ហា​តម្លៃ​កៅស៊ូ​ធម្មជាតិ​កំពុង​ធ្លាក់ថ្លៃ ការ​ប្រែប្រួល​អាកាសធាតុ និង​ទិន្នផល​ក៏បាន​ថយចុះ។

កសិករ កំពុងប្រមូលផលទឹកជ័រកៅស៊ូ នៅចម្ការកៅស៊ូមួយកន្លែង
ជា​ការ​ឆ្លើយតប លោក​ វេង សាខុន បាន​សម្តែង​នូវការ​គាំទ្រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គម្រោង​ខាងលើនេះ។ លោក​រដ្ឋមន្រ្តី​បញ្ជាក់​ថា ការ​បង្កើន​សមត្ថភាព​មន្ត្រី​ជំនាញ និង​កសិករ​ដាំ​កៅស៊ូ ការកាត់​បន្ថយ​ថ្លៃដើម​ និង​ពលកម្ម ការ​បង្កើន​ទិន្នផល ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​ជ័រ​កៅស៊ូ ការធានា​បាន​នូវ​និរន្តរភាព​នៃ​ដើម​កៅស៊ូ និងជា​ពិសេស​ការ​បង្កើន​ប្រាក់​ចំណូល​គ្រួសារ គឺជា​គន្លឹះ​ដ៏​សំខាន់ និង​គោលដៅ​របស់​ក្រសួង។

ទន្ទឹមនឹង​នេះ ដើម្បី​អនុវត្ត​គម្រោង​នេះ​ឱ្យ​ទទួល​បាន​ភាព​ជោគជ័យ លោក វេង សាខុន បាន​ស្នើឲ្យ​អង្គការ FAO សហការ​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​ក្រសួង ព្យាយាម​ឲ្យអស់​លទ្ធភាព ធ្វើ​យ៉ាងណា​ពង្រឹង​វិស័យ​កៅស៊ូ​ឡើងវិញ​ប្រកបដោយ​ចីរភាព។

យោងតាម​ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ បង្ហាញ​ថា នៅក្នុង​សប្តាហ៍​ទី២ នៃ​ខែកញ្ញា ឆ្នាំ​២០១៨​ តម្លៃ​ប្រមូល​ទិញ​ជ័រ​កៅស៊ូ​ពី​កសិករ​កៅស៊ូ​គ្រួសារ ក្នុងខេត្ត​កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ រតនគិរី ក្រចេះ និង​មណ្ឌលគិរី គឺ៖

  • ទឹកជ័រ មាន​តម្លៃ​មធ្យម ៤០៤០រៀល​ក្នុងមួយ​គីឡូក្រាម

  • ជ័រកក មាន​តម្លៃ​មធ្យម ២០០០រៀល​ក្នុងមួយ​គីឡូក្រាម៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;