៥សន្លឹក បង្ហាញពីមុខរបរថតរូបរបស់លោក ជើរី ថៃ
- 2018-09-23 06:16:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥សន្លឹក បង្ហាញពីមុខរបរថតរូបរបស់លោក ជើរី ថៃ
ចន្លោះមិនឃើញ
ថ្ងៃនេះក្រុមការងារផ្លូវទៅស្រុកវគ្គ២ នឹងណែនាំពីអាជីវកម្មថ្មីមួយទៀត គឺមុខរបរថតរូប។ ខាងក្រោមនេះ គឺជារូបភាព ៥សន្លឹក បង្ហាញអំពីដំណើរការនៃមុខរបរអ្នកជំនាញថតរូប និងប្រវត្តិត្រួសៗ ព្រមទាំងគំនិតនៃការរកស៊ី ដែលផ្ដោតសំខាន់លើគុណភាព និងសេវាកម្ម។
១. លោក ថៃ វ៉ាន់ថា ហៅ ជើរី ថៃ វ័យ៣៥ឆ្នាំ គឺជាស្ថាបនិក និងជាអ្នកគ្រប់គ្រងស្ទូឌីយោថតរូប @Home Photography នៅរាជធានីភ្នំពេញ។ ដោយសេចក្ដីស្រលាញ់ លោក ជើរី ថៃ បានប្រឡូកក្នុងវិស័យថតរូបនៅឆ្នាំ ២០០៩ ហើយ ឆ្នាំ២០១១ លោកនិងក្រុមការងារផ្ដល់សេវាថតរូបដល់អតិថិជន ជាលើកដំបូង។
២. បច្ចុប្បន្ន ក្រៅតែពីបំពេញការងារជាអ្នកគ្រប់គ្រង លោកក៏ជាជាងថត និងជាគ្រូបង្រៀនថតរូបនៅ Canon Imaging Academy ផងដែរ។ ក្រុមការងារថតរូបរបស់លោកភាគច្រើន គឺជាសិក្ខាកាមដែលធ្លាប់ឆ្លងកាត់ការបណ្ដុះបណ្ដាលរបស់លោក និង មាននិស្ស័យស្រឡាញ់ការថតរូប។ នៅក្នុងរូបនេះ លោក ជើរី ថៃ កំពុងពន្យល់ណែនាំកិច្ចការខ្លះ ដល់ក្រុមការងារ មុននឹងថតរូបជូនអតិថិជន។
៣. @Home Photography ផ្ដល់សេវាថតរូបគ្រប់ទីកន្លែង ទាំងក្នុងស្រុក និងក្រៅស្រុក ដែលមានដូចជា ថតរូបមុនអាពាហ៍ពិពាហ៍ ថតរូបក្នុងមង្គលការ ថតរូបបែបពាណិជ្ជកម្ម ថតរូបក្នុងពិធីផ្សេងៗជាដើម។ នៅក្នុងរូបនេះ លោក ជើរី ថៃ និងក្រុមការងារកំពុងថតរូបមុនអាពាហ៍ពិពាហ៍ឱ្យអតិថិន នៅក្នុងតំបន់មួយ នាខេត្តកោះកុង។
៤. នៅក្នុងការថតរូប លោក ជើរី ថៃ តែងបំពេញតម្រូវការរបស់អតិថិជនជានិច្ច។ សម្រាប់លោក បើអតិថិជនសប្បាយចិត្តនឹងស្នាដៃលោក នោះមានន័យថាអាជីវកម្មរបស់លោក កំពុងបោះជំហានទៅរកភាពជោគជ័យហើយ។ នៅក្នុងរូបនេះ លោក ជើរី ថៃ កំពុងបង្ហាញរូបភាពដែលទើបថតបាន ឱ្យអតិថិជនរបស់ខ្លួន។
៥. រូបថត ដែលថតបានពីគ្រប់ទិសទី នឹងត្រូវទម្លាក់ទៅអោយក្រុមការងារនៅក្នុងស្ទូឌីយោ ដើម្បីរៀបចំរចនាបន្ថែម មុននឹងយកទៅជូនអតិថិជន។ នៅក្នុងអាជីវកម្មមួយនេះ លោកជើរី ថៃ មិនប្រកួតប្រជែងលើតម្លៃនោះទេ តែលោកប្រកួតប្រជែងលើគុណភាព និង សេវាកម្មជាចម្បង៕