រុស្ស៊ី​បញ្ជូន​ប្រព័ន្ធ​មីស៊ីល​ទៅ​ស៊ីរី ក្រោយ​យន្តហោះ​ស៊ើបការណ៍​របស់​ខ្លួន​ត្រូវ​គេ​បាញ់​ទម្លាក់​នៅ​ទីនោះ

  • 2018-09-25 01:57:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វ៉្លាឌឺមៀ ពូទីន កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​ប្រកាស​ថា រុស្ស៊ី​នឹង​ផ្គត់ផ្គង់​ប្រព័ន្ធ​ការពារ​មីស៊ីល​រយៈ​ចម្ងាយ​វែង S-300 ទៅ​ឲ្យ​ប្រទេស​ស៊ីរី បើ​ទោះ​ជា​យន្តហោះ​ស៊ើបការណ៍​១​គ្រឿង​របស់​ខ្លួន​ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​កងទ័ព​ស៊ីរី កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​ក៏​ដោយ។ ការ​ថ្លែង​របស់​មេ​ដឹក​នាំ​រុស្ស៊ី ធ្វើ​ឡើង​នៅ​អំឡុង​ពេល​ពិភាក្សា​ការងារ​ជាមួយ​លោក Bashar al-Assad ប្រធានាធិបតី​ស៊ីរី តាម​រយៈ​ទូរសព្ទ​ពី​បញ្ហា​ដែល​កំពុង​កើតមាន​នៅ​ស៊ីរី។

លោក ពូទីន បាន​បញ្ជាក់​ថា រុស្ស៊ី​នឹង​ជួយ​ធ្វើ​ទំនើបកម្ម​ការ​ការពារ​ដែន​អាកាស​ឲ្យ​ស៊ីរី ដោយ​ការ​បញ្ជូន S-300 ទៅ​តាំង​នៅ​មូលដ្ឋាន​ទ័ព​ស៊ីរី។

សូម​ជម្រាប​ថា រុស្ស៊ី​បាន​ផ្អាក​ផ្គត់ផ្គង់​ប្រព័ន្ធ​ការពារ​មីស៊ីល S-300 ទៅ​កាន់​ស៊ីរី ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក​ម៉្លេះ ក្រោម​ការ​ស្នើសុំ​ពី​ភាគី​ជម្លោះ អ៊ីស្រាអែល។

ដោយ​ឡែក​រឿង​ពាក់ព័ន្ធ​នឹង​ការ​បាញ់​ទម្លាក់​យន្តហោះ​ស៊ើបការណ៍​រុស្ស៊ី Iiyushin II-20 ដោយ​កងទ័ព​ស៊ីរី រដ្ឋាភិបាល​រុស្ស៊ី​មិន​បាន​ធ្វើ​ការ​បន្ទោស​ទៅ​លើ​ប្រទេស​ស៊ីរី​ឡើយ តែ​បែរ​ជា​ចោទ​ប្រកាន់​អ៊ីស្រាអែល​ទៅ​វិញ ដែល​មិន​បាន​ផ្ដល់​ដំណឹង​គ្រប់គ្រាន់​ឲ្យ​រុស្ស៊ី នៅ​អំឡុង​ពេល​បើក​ការ​វាយ​ប្រហារ​ដែន​អាកាស​លើ​ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​កន្លង​ទៅ។

គួរ​រំលឹក​ថា នៅ​ល្ងាច​ថ្ងៃ​ទី១៧ ខែ​កញ្ញា ២០១៨ យន្តហោះ​ចម្បាំង F-16 ចំនួន ៤​គ្រឿង​របស់​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​គោលដៅ​នានា ក្នុង​ខេត្ត Lakakia នៃ​ប្រទេស​ស៊ីរី។ ការ​វាយ​ប្រហារ​នេះ បន្ទាប់​ពី​មាន​បញ្ហា​តូច​មួយ ហើយ​បង្កើត​ទៅ​ជា​ស្ថានភាព​គ្រោះថ្នាក់​សម្រាប់​យន្ដហោះ​យោធា និង​នាវា​ចម្បាំង​ជាច្រើន​នៅ​ក្នុង​តំបន់​នោះ។ នេះ​បើ​តាម​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​ទៀត​ថា នាវា​ចម្បាំង​របស់​បារាំង ក៏​ដូចជា​យន្តហោះ​ស៊ើបការណ៍​រុស្ស៊ី ប្រភេទ Il-20 ក៏​បាន​ធ្វើ​ប្រតិបត្តិការ​នៅ​តំបន់​នោះ​ផងដែរ។ "ពីឡុត​អ៊ីស្រាអែល​បាន​ប្រើ​យន្ដហោះ​រុស្ស៊ី ជា​រនាំង និង​រៀបចំ​វាយ​ប្រហារ​លើ​មូលដ្ឋាន​កងទ័ព​អាកាស​ស៊ីរី។ ជា​លទ្ធផល យន្តហោះ​ស៊ើបការ​រុស្ស៊ី ដែល​មាន​ទំហំ​ឆ្លងកាត់​រ៉ាដា​ធំ​ជាង​យន្តហោះ​ចម្បាំង F-16 ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​ប្រព័ន្ធ​ការពារ​មីស៊ីល S-200”៕

ប្រភព៖ china.org ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;