លោក ជា សុផារ៉ា៖ ដើម្បីរៀបចំទីក្រុងមួយឱ្យមាននិរន្តរភាព ត្រូវផ្ដោតលើចំណុចអាទិភាព ៥
- 2018-09-28 06:29:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ជា សុផារ៉ា៖ ដើម្បីរៀបចំទីក្រុងមួយឱ្យមាននិរន្តរភាព ត្រូវផ្ដោតលើចំណុចអាទិភាព ៥
ចន្លោះមិនឃើញ
ធ្លាប់ជាអភិបាលរាជធានីភ្នំពេញ និងបច្ចុប្បន្ននេះជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានលើកឡើងថា ការរៀបចំទីក្រុងមួយឱ្យបាននិរន្តរភាព និងអាចរក្សាអត្តសញ្ញាណជាតិ ចាំបាច់ត្រូវផ្ដោតលើការងារសំខាន់ និងអាទិភាពចំនួន ៥ ចំណុច។
១. រៀបចំផែនការប្រើប្រាស់ដី
ថ្លែងក្នុងឱកាសសំណេះសំណាលជាមួយប្រតិភូយុវជនកម្ពុជា នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៥ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ លោកឧបនាយករដ្ឋមន្រ្ដី បានលើកឡើងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងនៅក្នុងទីក្រុងមានជាអាទិ៍ តំបន់រដ្ឋបាល តំបន់សាធារណៈ ឧស្សាហ៍កម្ម តំបន់ពាណិជ្ជកម្ម តំបន់ទេសចរណ៍ និងលំនៅឋានជាដើម ចាំបាច់ត្រូវមានផែនការរៀបចំផែនការប្រើប្រាស់ដីជាមុនសិន។ លោកថា ការរៀបចំខ្សែក្រវ៉ាត់បៃតង គួរធ្វើនៅខាងក្រៅក្រុង ចំណែកឯការរៀបចំផ្សារ ដែលមិនគួររុញមកកន្លែងតែមួយនោះទេ ព្រោះវាជាហេតុដែលបង្កឱ្យមានការកកស្ទះចរាចរណ៍។ ឧទាហរណ៍ដូចការរៀបចំផ្សារដើមគរពីដំបូង គឺគេអាចដឹកជញ្ជូនបន្លែពីច្បារអំពៅ តាខ្មៅ និងស្ទឹងមានជ័យ ដើម្បីចែកចាយទៅក្នុងរាជធានីភ្នំពេញ និងទៅក្រៅក្រុង លើកលែងតែផ្សារថ្មីមួយប៉ុណ្ណោះ ដែលត្រូវបានបង្កើតតាំងពីសម័យអាណានិគមនិយមបារាំង។
២. ការប្រព័ន្ធលូ និងបង្ហូរទឹកកខ្វក់
ការរៀបនូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងបង្ហូរទឹកកខ្វក់នេះ គឺជាគោលដៅចម្បង ក្នុងការធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ករណីកង្វះខាតអនាម័យប្រព័ន្ធគ្រប់គ្រង ទឹកកខ្វក់ អាចប៉ះពាល់សុខភាព ដែល ជាឧបសគ្គដល់ការអភិវឌ្ឍ ហើយយើងមិនអាចនឹងមើលរំលងបានទេ។ លោកជា សុផារ៉ា បានរំលឹកឡើងវិញកាលលោកនៅកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ ទឹកកខ្វក់ត្រូវបានបង្ហូរតាមប្រឡាយស្ទឹងមានជ័យ ធ្លាក់ទៅបឹងទំពុន ការរៀបចំប្រព័ន្ធទំនប់កប់ស្រូវ ដើម្បីបូមទឹកកខ្វក់ចេញពីក្រុងភ្នំពេញ។
៣. ការមើលទិសខ្យល់
ការរៀបចំទីក្រុងមួយក៏ចាំបាច់ត្រូវសិក្សាលើទិសខ្យល់។ បុព្វបុរសខ្មែរ កសាងរាជធានីអង្គរ មិនត្រឹមសិក្សាទិសខ្យល់បក់ទេ ប៉ុន្តែក៏បានសិក្សាដល់ប្រព័ន្ធពន្លឺ និងទិសដៅរបស់ព្រះអាទិត្យផងដែរ។ ទីក្រុងពិតណាស់ជាកន្លែង មានមនុស្សរស់នៅច្រើន ដូច្នេះការសាងសង់រោងចក្រ និងឧស្សាហ៍កម្មធំៗ ដែលមានបង្ហុយផ្សែងពុលត្រូវសិក្សាពីរបបខ្យល់បក់ តើអាចហុយចូលមកទីក្រុងដែរឬទេ?
៤. ប្រភពទឹកស្អាត
ប្រភពទឹកស្អាត គឺជាតម្រូវការចាំបាច់បំផុតសម្រាប់ប្រជាពលរដ្ឋទូទៅប្រើប្រាស់ប្រចាំថ្ងៃ។ បច្ចុប្បន្ននេះទឹកស្អាតដែលផ្គត់ផ្គង់នៅរាជធានីភ្នំពេញមានប្រភពពីទឹកទន្លេ។ ទឹកទន្លេប្រែប្រួលទៅតាមរដូវទឹកឡើង និងទឹកស្រក។ តួយ៉ាងដូចជាប្រភពទឹកទន្លេបាសាក់នៅរដូវវស្សានឹងហូរចូលទន្លេសាប ប៉ុន្តែពេលទឹកស្រកវិញ នឹងធ្វើឱ្យទឹកទន្លេសាបឡើងល្អក់។ ពេលទឹកល្អក់ខ្លាំងអ្នកជំនាញត្រូវប្រើប្រាស់ក្លរច្រើន ដើម្បីសម្លាប់មេរោគ។ ដូច្នេះយើងត្រូវលើកផែនការបូមទឹកទន្លេមេគង្គវិញ ដោយសារទឹកហូរមិនសូវល្អក់ខ្លាំង។
៥. សំណង់ស្ថាបត្យកម្មមានលក្ខណៈជាខ្មែរ
រចនាបថសំណង់អាគារខ្ពស់ៗក្នុងទីក្រុង ត្រូវបញ្ចូលគំនិតស្ថាបត្យកម្មខ្មែរ ដើម្បីរក្សាបានអត្តសញ្ញាណជាតិ និងការទាក់ទាញភ្ញៀវទេសចរ។ លោកជា សុផារ៉ា លើកឡើងថា វិស័យសំណង់នៅក្នុងប្រទេសកម្ពុជាកំពុងមានការរីកចម្រើន ក្រសួងរៀបចំដែនដី កន្លងមកក៏បានលើកទឹកចិត្តឱ្យជួយចូលរួមលើកកម្ពស់តម្លៃស្ថាបត្យកម្មខ្មែរនាសម័យមុន តាមរយៈការរចនាប្លង់សំណង់ទាំងខាងក្នុងអគារ និងក្រៅអគារ ឱ្យមានលក្ខណៈជាស្ថាបត្យកម្មខ្មែរផងដែរ។
លោក ជា សុផារ៉ា បានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ កំពុងរៀបចំធ្វើផែនការគោលរៀបចំទីក្រុង និងទីប្រជុំជន ខណៈបច្ចុប្បន្នធ្វើបាននៅខេត្តព្រះសីហនុ ខេត្តសៀមរាប និងរាជធានីភ្នំពេញ៕