៥សន្លឹកបង្ហាញពីវិធីភ្ញាស់កូនមាន់លក់ របស់អ្នកស្រុកត្រាំកក់
- 2018-09-30 06:13:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥សន្លឹកបង្ហាញពីវិធីភ្ញាស់កូនមាន់លក់ របស់អ្នកស្រុកត្រាំកក់
ចន្លោះមិនឃើញ
១. លោកហ៊ី សុធី វ័យ ៤៦ឆ្នាំ ជាម្ចាស់អាជីវកម្មភ្ញាស់កូនមាន់លក់ នៅភូមិត្រពាំងស្រងែ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ ដោយមើលឃើញពីតម្រូវការកូនមាន់ មានការកើនឡើង លោក សុធី បានសម្រេចចិញ្ចឹមមេមាន់ និង ភ្ញាស់កូនលក់ នៅឆ្នាំ២០១៦។ បច្ចេកទេសនៃការភ្ញាស់កូនមាន់នេះ បានមកពីការស្រាវជ្រាវតាម Youtube ដោយខ្លួនលោកផ្ទាល់ និងទទួលបានការគាំទ្រពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD)។
២. លោក ហ៊ី សុធី ចាប់ផ្ដើមអាជីវកម្មរបស់ខ្លួន ដោយការចិញ្ចឹមមេមាន់ ៣០ក្បាល និង មានទូភ្ញាស់កូនមាន់តែមួយប៉ុណ្ណោះ។ បច្ចុប្បន្នលោកមាន មេមាន់ ១០០មាន់ឈ្មោល១៥ ក្បាល និង មានទូភ្ញាស់ចំនួន៤។ ក្រៅពីនេះ លោកក៏មានទទួលទិញពងមាន់ស្រែ ពីកសិករដែលជាដៃគូផ្គត់ផ្គង់ ផងដែរ។
៣. ជារៀងរាល់ថ្ងៃ លោក ហ៊ី សុធី តែងដើរប្រមូលពងមាន់ពីទ្រុងយកមករក្សាទុកដោយឡែក។ ហើយរៀងរាល់ ៥ថ្ងៃម្តង លោកតែងយកពងមាន់ទាំងនោះ ដាក់ចូលក្នុងទូភ្ញាស់។ មុននឹងដាក់ចូលក្នុងទូភ្ញាស់ លោក ហ៊ី សុធី ចុះកាលបរិច្ឆេទ (ថ្ងៃដាក់ចូល និង ថ្ងៃញាស់) នៅលើពងមាន់ទាំងនោះ។
៤. លោក ហ៊ី សុធី កំពុងយកពងមាន់ដាក់ចូលក្នុងទូភ្ញាស់ ក្រោយពេលគាត់ប្រមូលបានពីទ្រុង។ ក្នុងមួយទូៗ លោក ហ៊ី សុធី ដាក់ពងមាន់ប្រមាណជា ៥០០គ្រាប់។ ទូភ្ញាស់នេះ ត្រូវមានកម្ដៅ (ចន្លោះពី ៣៧ ទៅ ៣៨ អង្សាសេ) សំណើម និង ខ្យល់ចេញចូលគ្រប់គ្រាន់ ទើបធ្វើឱ្យពងមាន់ញាស់ល្អ។ ២១ថ្ងៃក្រោយ ពងមាន់ទាំងនោះ នឹងញាស់ជាកូនមាន់។
៥. បន្ទាប់ពីញាស់ហើយ កូនមាន់ទាំងនោះ នឹងត្រូវចាប់ទៅដាក់ក្នុងទ្រុងកម្តៅ មួយដាច់ដោយឡែក។ ក្នុងទ្រុងនោះមានទឹក និងចំណីសម្រាប់កូនមាន់ស៊ី។ ចាប់ពី៣ថ្ងៃឡើងទៅ គេអាចចាប់កូនមាន់លក់បានហើយ។ កូនមាន់អាយុ ៣ថ្ងៃ មានតម្លៃ ៣ ៣០០រៀល ឯកូនមាន់អាយុ ១០ថ្ងៃ មានតម្លៃ ៤ ០០០រៀល៕