កាំកុងត្រូល ដាក់មន្រ្តី និងឧបករណ៍ពិសោធន៍ ប្រចាំការនៅតាមផ្សារសំខាន់ៗ ក្នុងរាជធានីភ្នំពេញ
- 2018-10-03 05:09:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាំកុងត្រូល ដាក់មន្រ្តី និងឧបករណ៍ពិសោធន៍ ប្រចាំការនៅតាមផ្សារសំខាន់ៗ ក្នុងរាជធានីភ្នំពេញ
ចន្លោះមិនឃើញ
អគ្គនាយកដ្ឋានកាំកុងត្រូល បានរៀបចំមន្ត្រីជំនាញ និងឧបករណ៍ពិសោធន៍ ចុះប្រតិបត្តិការ និងប្រចាំការតាមទីផ្សារគោលដៅសំខាន់ៗ ចំនួន០៨ ក្នុងរាជធានីភ្នំពេញ។ គោលបំណង គឺដើម្បីត្រៀមធ្វើអន្តរាគមន៍ឆ្លើយតបបន្ទាន់ចំពោះហេតុការណ៍ចាំបាច់ ដោះស្រាយបញ្ហា ឬបាតុភាពជាយថាហេតុណាមួយរបស់ប្រជាពលរដ្ឋ ព្រមទាំងផ្តល់ការអប់រំលើកកម្ពស់ការយល់ដឹង ជូនអ្នកប្រើប្រាស់ អាជីវករ អ្នកលក់ដូរ អំពីបញ្ហាគុណភាព សុវត្ថិភាពផលិតផលទំនិញផងដែរ។ នេះបើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានកាំកុងត្រូលនៅថ្ងៃទី៣ ខែតុលានេះ។
ផ្សារសំខាន់ៗទាំងនោះរួមមាន៖ ផ្សារធំថ្មី, ផ្សារអូឬស្សី, ផ្សារដើមគរ, ផ្សារទួលទំពូង, ផ្សារស្ទឹងមានជ័យ, ផ្សារជម្ពូវ័ន្ត, ផ្សារសេនជូរីផ្លាសា និងផ្សារច្បារអំពៅ។
អគ្គនាយកដ្ឋានដដែលនេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលមានចម្ងល់ ឬមានបញ្ហាពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ គឺអាចទាក់ទងផ្ទាល់ជាមួយមន្រ្តីកាំកុងត្រូល ដែលកំពុងប្រតិបត្តិការនៅតាមបណ្តាផ្សារខាងលើនេះ៕