ពិធី​កាន់បិណ្ឌ​នៅ​សារមន្ទីរ​ទួលស្លែង ធ្វើ​ឡើង​នា​ព្រឹក​ស្អែកនេះ

  • 2018-10-03 09:35:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅព្រឹក​ថ្ងៃ​ទី៤ ខែតុលាស្អែកនេះ នឹង​មាន​ពិធី​បុណ្យ​កាន់បិណ្ឌ​នៅ​ក្នុង​បរិវេណ​សារមន្ទីរ​ទួលស្លែង ក្រោម​អធិបតីភាព​លោកស្រីឧប​នាយករដ្ឋ​មន្រ្ដី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច។

នៅ​មុន​ពិធី​កាន់​បិណ្ឌ​នេះមកដល់ នៅរសៀល​ថ្ងៃទី៣ ខែតុលានេះ លោកស្រី ម៉ែន សំអន បានធ្វើ​ពិធីសូត្រមន្ត​​ក្រុង​ពាលី​សូត្រមន្ត នមស្កា​ព្រះ​រតនត្រ័យ និង​និមន្ត​ព្រះសង្ឃ​សម្ដែង​ធម្មទេសនា​ផងដែរ។

លោកស្រី ម៉ែន សំអន នៅ​ក្នុង​ពិធី​សូត្រមន្ត​ក្រុង​ពាលានៅសារមន្ទីរ​ទួលស្លែង នារសៀល​ថ្ងៃទី៣ តុលានេះ
លោកឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ការធ្វើពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅសារមន្ទីរទួលស្លែង គឺយោងតាមចំណាររបស់សម្តេច ហ៊ុន សែន ហើយក្រសួងបានធ្វើពិធីនេះជារៀងរាល់ឆ្នាំ។

លោកបញ្ជាក់ទៀតថា ពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ​ នៅសារមន្ទីរទួលស្លែង ធ្វើ​ឡើង​ដើម្បីរំឭកដល់វិញ្ញាណក្ខន្តអ្នកដែលបានបាត់បង់ ជីវិតនៅសារមន្ទីរទួលស្លែងហៅ (ស២១) ក្នុងរបបប្រល័យពូជសាសន៏ និងឧទ្ទិសជូនដល់ញាតិការ ៧សណ្តាន ដែលបានបាត់បង់​ជីវិត។

សូមបញ្ជាក់ថា សារមន្ទីរទួលស្លែងត្រូវបានអង្គការយូនីស្កូ ដាក់បញ្ជូលជាបណ្ណសារ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង កាលពីថ្ងៃទី៣១ខែ កក្កដាឆ្នាំ២០០៩ ទុកជាការចងចាំសម្រាប់មនុស្សជាតិ។ នៅក្នុងបរិវេណសារមន្ទីទទួលស្លែង មានផ្នូរ​ចំនួន ១៤ ដែល​ គ្មានឈ្មោះ និងគ្មានអត្តសញ្ញាណអ្នក​ស្លាប់​នោះទេ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;