អាជ្ញាធរ​រាជធានី​ភ្នំពេញ អំពាវនាវ​ឱ្យទុកដាក់​សំរាម​រៀងៗខ្លួន ក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ

  • 2018-10-05 12:47:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ រក្សា​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​នៅក្នុង​ទីតាំង​រៀងៗខ្លួន​ជា​បណ្តោះ​អាសន្ន ក្នុង​អំឡុង​បុណ្យភ្ជុំបិណ្ឌ​រយៈពេល ៣ថ្ងៃ​ខាងមុខ​នេះ។នេះ​បើតាម​សេចក្តី​ជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២​តុលា និង​ចេញផ្សាយ​ជា​សាធារណៈ​នៅថ្ងៃទី​៥តុលា ឆ្នាំ​២០១៨​នេះ។

ក្នុង​សេចក្តី​ជូនដំណឹង​នេះ បាន​ឱ្យដឹង​ថា ក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃទី៨ ដល់ ១០​តុលា ឆ្នាំ​២០១៨ បុគ្គលិក កម្មករ របស់​ក្រុមហ៊ុនស៊ីនទ្រី ដែល​បម្រើ​ការងារ​សម្អាត​ និង​ដឹកជញ្ជូន​សំរាម​ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​ឈប់សម្រាក​ការងារ ហើយ​បុគ្គលិក កម្មករ​មួយ​ចំនួន​បាន​ធ្វើ​ដំណើរ​ទៅកាន់​ស្រុក​កំណើតរបស់ខ្លួន នៅតាម​បណ្តាខេត្តនានា ដែលធ្វើឱ្យ​ការផ្តល់​សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម​ក្នុងរាជធានី​ភ្នំពេញ មាន​ភាព​រអាក់រអួល មិន​បាន​ពេញលេញឡើយ។

គំនរសំរាម នៅមុខផ្សារមួយកន្លែង ក្នុងរាជធានីភ្នំពេញ
ទន្ទឹមនឹង​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​អំពាវនាវឱ្យ​ប្រជាពលរដ្ឋ​ជាម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម សេវាកម្ម​ដែលមាន​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ កុំ​បញ្ចេញ​សំរាម​មកដាក់​នៅតាម​ដងផ្លូវ​សាធារណៈ នៅក្នុង​អំឡុង​ថ្ងៃឈប់​សម្រាក​ខាងមុខ​នេះ ដើម្បី​ថែរក្សា​សោភ័ណភាព អនាម័យ និង​បរិស្ថាន។

សេចក្តី​ជូន​ដំណឹង​ដដែល​នេះ បញ្ជាក់​ថា សេវា​ប្រមូល​សំរាម​ នឹងវិល​មក​ប្រក្រតី​វិញ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ​២០១៨៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;