CPP ប្រតិកម្មជាមួយប្រធាន IPU អនុញ្ញាតឲ្យលោក សម រង្ស៊ី ចូលរួមប្រជុំសហភាពអន្តរសភា
- 2018-10-16 02:44:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CPP ប្រតិកម្មជាមួយប្រធាន IPU អនុញ្ញាតឲ្យលោក សម រង្ស៊ី ចូលរួមប្រជុំសហភាពអន្តរសភា
ចន្លោះមិនឃើញ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ចេញប្រតិកម្មចំពោះប្រធានអង្គប្រជុំសហភាពអន្តរសភា (IPU) ដែលបានអនុញ្ញាតឲ្យលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ ចូលរួមប្រជុំពេញអង្គសហភាពអន្តរសភា (IPU) លើកទី១៣៩ នៅប្រទេសស្វីស។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានហៅការអនុញ្ញាតនេះ គឺជាការរំលោភសិទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនកម្ពុជា និងគឺជាការបំពានលើឯករាជ្យនិងអធិបតេយ្យភាពជាតិកម្ពុជា។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងនៅព្រឹកថ្ងៃទី១៦ ខែតុលា នេះថា រហូតមកដល់ពេលនេះ លោក សម រង្ស៊ី គ្មានតួនាទីអ្វី ក្នុងការមានមុខចូលប្រជុំនៅលើវេទិកានានាជាថ្នាក់អន្តរជាតិ ពីព្រោះលោកមិនមែនជាតំណាងប្រជាជនកម្ពុជាឡើយ ។ លោក សម រង្សី គ្រាន់តែជា "ជនក្បត់ជាតិខ្មែរ និងជាជនពនេចរគ្មានស្រុកទេស និងជាអាយ៉ងដាច់ថ្លៃរបស់ពួកបរទេសចក្រពត្តិអនុត្តរភាពនិយមអន្តរជាតិតែប៉ុណ្ណោះ"។
លោក សម រង្ស៊ី បានចេញដំណើរទៅប្រជុំពេញអង្គសហភាពអន្តរសភា (IPU) លើកទី១៣៩ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺលោក សម រង្ស៊ី ត្រូវបានប្រធានសហភាពអន្តរសភា អញ្ជើញឲ្យឡើងថ្លែងសន្ទរកថានៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅចំពោះមុខគណៈប្រតិភូអន្តរជាតិរាប់រយនាក់។ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅទីក្រុងហ្សឺណែវ ប្រធានសហភាពអន្តរជាតិបានមានប្រសាសន៍ប្រាប់លោក សម រង្ស៊ី ថា បើលោក ឈាង វុន ធ្វើអាកប្បកិរិយាមិនសមរម្យចំពោះលោកដូចដែលបានធ្វើមកលើលោកស្រី មួរ សុខហួរ កន្លងទៅថ្មីៗនោះ សូមឲ្យលោកសម រង្ស៊ី រាយការណ៍ប្រាប់គេភ្លាម៕