កម្ពុជា ឈ្នះមេដាយមាស៣គ្រឿង និងប្រាក់២គ្រឿងពីការប្រកួតប៉េតង់ពិភពលោក
- 2018-10-16 03:17:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ឈ្នះមេដាយមាស៣គ្រឿង និងប្រាក់២គ្រឿងពីការប្រកួតប៉េតង់ពិភពលោក
ចន្លោះមិនឃើញ
ក្រុមកីឡាករ កីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា បានបញ្ចប់បេសកកម្មរបស់ខ្លួនហើយ កាល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នៅក្នុងព្រឹត្តិការណ៍កីឡាប៉េតង់ពានរង្វាន់អន្ដរជាតិ Trophee L’Equipe លើកទី២ នៅប្រទេសបារាំង ដោយដណ្តើមបានមេដាយ៥គ្រឿង មេដាយមាស៣ និងមេដាយប្រាក់ ២គ្រឿង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា។
ផ្នែកនារី ដែលរួមមាន Trophee L’Equipeកែ ឡេង, អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា ទទួលបានមេដាយមាសដល់ទៅ៣គ្រឿង លើ៣ប្រភេទកីឡា។ ដោយឡែក សម្រាប់ផ្នែកបុរសវិញ ដែលរួមមាន សុខ ចាន់មាន, ញ៉ែម បូរ៉ា និង យ៉ា ចាន់ដារិទ្ធ បានមេដាយប្រាក់២គ្រឿងផងដែរ ពីពានរង្វាន់ខាងលើនេះ។ សរុបជារួមទៅ កម្មវិធីនេះ មាន៦វិញ្ញាសា កម្ពុជាយកបានមេដាយមាសដល់ទៅ៣រួចជាស្រេចទៅហើយ។ សរុបជារួម កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងតារាងមេដាយសរុប។
ប្រភពបន្តថា ជាមួយនឹងលទ្ធផលបែបនេះបានធ្វើឲ្យបណ្តាប្រទេសនានា ពិសេសគឺម្ចាស់ផ្ទះបារាំង ដែលជាស្ថាបនិកកីឡាប៉េតង់ មានការភ្ញាក់ផ្អើលចំពោះក្រុមកម្ពុជា ក្រោយពេលដែលក្រុមប៉េតង់កម្ពុជា ដណ្ដើមបានមេដាយមាសស្ទើរគ្រប់វិញ្ញាសា ពិសេសគឺផ្នែកនារីតែម្ដង។ ក្រុមកីឡាការិនីកម្ពុជាបានប្រមូលយកមេដាយមាស ទាំង៣វិញ្ញាសា លើវិញ្ញាសាឯកត្តជន វិញ្ញាសាវាយគូនារី និងវិញ្ញាសាជាក្រុមនារី ៣នាក់ទល់នឹង៣នាក់។
គួរបញ្ជាក់ថា ការប្រកួតកីឡាប៉េតង់ Trophee L’Equipe គឺជាពានរង្វាន់កម្រិតខ្ពស់មួយក្នុងពិភពលោក ដោយម្ចាស់ផ្ទះបារាំង បានអញ្ជើញតែប្រទេសខ្លាំងៗប៉ុណ្ណោះ ដែលធ្លាប់ឈ្នះមេដាយមាសពិភពលោកឲ្យមកចូលរួម ដោយនៅទ្វីបអាស៊ីប្រទេសបារាំង អញ្ជើញ២ប្រទេស គឺកម្ពុជា និងប្រទេសថៃ៕