ព្រលានយន្តហោះក្រុងប៉ោយប៉ែត នឹងត្រូវសាងសង់ឡើងវិញនៅឆ្នាំក្រោយ
- 2018-11-02 03:42:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រលានយន្តហោះក្រុងប៉ោយប៉ែត នឹងត្រូវសាងសង់ឡើងវិញនៅឆ្នាំក្រោយ
ចន្លោះមិនឃើញ
អភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក សាន ស៊ាងហូ បានឱ្យដឹងកាលពីថ្ងៃទី១វិច្ឆិកាម្សិលមិញថា អាកាសយានដ្ឋានក្រុងប៉ោយប៉ែត នឹងចាប់ផ្តើមសាងសង់ឡើងវិញនៅរដូវប្រាំង (ឆ្នាំ២០១៩) ខាងមុខនេះហើយ។ នេះបើតាមការចុះផ្សាយរបស់កាសែតរស្មីកម្ពុជា នៅថ្ងៃទី២វិច្ឆិកានេះ។
លោកបន្តថា ព្រលានយន្តហោះនេះមានទំហំផ្ទៃដីចន្លោះពី ១០០ ទៅ ២០០ហិកតា ដែលអាចប្រើប្រាស់សម្រាប់ការហោះហើរក្នុងស្រុក និងអាចភ្ជាប់ទៅកាន់អន្តរជាតិនាពេលអនាគត។
លោកអភិបាលក្រុងបានរំលឹកថា ព្រលានយន្តហោះនេះ ត្រូវបានចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០០៨ ហើយលោកជាអ្នកម៉ៅការសាងសង់ព្រលានយន្តហោះនេះផ្ទាល់។ ព្រលាននេះ ត្រូវបានសាងសង់ផ្លូវរត់របស់យន្តហោះរួចហើយ នៅតែចាក់បេតុងបន្ថែម និងសាងសង់អគារទទួលអ្នកដំណើរតែប៉ុណ្ណោះ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា បានថ្លែងកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ ឱ្យអ្នកវិនិយោគអាកាសយានដ្ឋាននេះ ចាប់ផ្តើមសាងសង់ឡើងវិញហើយ បន្ទាប់ពីបានផ្អាករយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
លោកបន្តថា ការវិនិយោគសាងសង់ឡើងវិញ នូវព្រលានយន្តហោះនេះ អាចចំណាយទុនពី ៤០ ទៅ ៥០លានដុល្លារ។
យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់កាសែត Khmer Times កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ដោយដកស្រង់សម្តីលោក ស៊ិន ចាន់សិរីវុត្ថា ឱ្យដឹងថា ការសាងសង់ព្រលានយន្តហោះនេះ នឹងចំណាយពេលពី ៣ ទៅ ៥ឆ្នាំ ដែលនឹងចាប់ផ្តើមសង់នៅឆ្នាំ២០២០។ ព្រលាននេះ គឺសម្រាប់បម្រើតែជើងហោះហើរក្នុងស្រុកប៉ុណ្ណោះ ប៉ុន្តែក៏អាចទទួលយន្តហោះប្រភេទ Boeing 731 និង Airbus 320 ផងដែរ៕