ផ្ទះស្នាក់ នៅកោះទ្រង់ មានតម្លៃទាបហើយថែមទាំងចូលរួមលើកតម្កើងវប្បធម៌ទៀតផង
- 2018-11-04 04:32:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទះស្នាក់ នៅកោះទ្រង់ មានតម្លៃទាបហើយថែមទាំងចូលរួមលើកតម្កើងវប្បធម៌ទៀតផង
ចន្លោះមិនឃើញ
ផ្ទះស្នាក់ (Home Stay) នៅភូមិក្បាលកោះ សង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ មានតម្លៃទាប នៅក្នុងការស្នាក់នៅ ដោយក្នុង១យប់ត្រឹម ៣ ទៅ ៤ដុល្លារ។ ភ្ញៀវទេសចរដែលបានមកស្នាក់នៅទីនេះ គឺជាផ្នែកមួយសំខាន់ផ្ដល់ប្រាក់ចំណូលដល់អ្នកភូមិផង និងអាចស្វែងយល់អំពីជីវភាពប្រចាំថ្ងៃរបស់អ្នកភូមិ ជាពិសេសប្រពៃណី វប្បធម៌ តាមតំបន់។
១. អ្នកស្រី វន សុវ៉ានី អាយុ ៤៧ឆ្នាំ ជាម្ចាស់ផ្ទះស្នាក់ទី១ ដែលមានទីតាំងនៅភូមិក្បាលកោះ សង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ។ ផ្ទះស្នាក់របស់អ្នកស្រី សុវ៉ានី ចាប់ផ្ដើមបើកទ្វារទទួលភ្ញៀវទេសចរដែលទៅកម្សាន្តនៅលើកោះទ្រង់ នៅឆ្នាំ ២០០៨ បន្ទាប់ពីមានការជួយជ្រោមជ្រែងពីអង្គការមិនមែនរដ្ឋាភិបាលមួយ។
២. ជារៀងរាល់ថ្ងៃ អ្នកស្រី វន សុវ៉ានី តែងបោស និងជូតសម្អាត រនាបក្ដារ ជញ្ជាំង តុ ទូ នៅលើផ្ទះរបស់ខ្លួន។ ផ្ទះនេះ ត្រូវបានសាងសង់ពីឈើប្រក់ក្បឿង ក្នុងអំឡុងឆ្នាំ១៩៦០។ មកទល់នឹងពេលនេះ ផ្ទះមួយខ្នងនេះ នៅតែស្អាត និង រឹងមាំនៅឡើយ។
៣. ម្ចាស់ផ្ទះស្នាក់ កំពុងរៀបចំមុង-ភួយ និង កន្លែងគេង ជូនភ្ញៀវទេសចរ។ ភ្ញៀវអាចកក់កន្លែងស្នាក់នៅដោយផ្ទាល់ខ្លួន ឬតាមភ្នាក់ងារទេសចរណ៍។ ផ្ទះស្នាក់នេះ អាចទទួលភ្ញៀវឱ្យស្នាក់នៅបាន ២០នាក់ ក្នុងមួយយប់ ហើយម្នាក់តម្លៃពី ៣ ទៅ ៤ដុល្លារក្នុងមួយយប់។
៤. ក្រៅពីការស្នាក់នៅ អ្នកស្រីក៏ទទួលធ្វើម្ហូបអាហារដែលប្រកបដោយអនាម័យ និង រសជាតិឆ្ងាញ់ពិសាជូនភ្ញៀវទទួលទានផងដែរ។ តម្លៃអាហារមានដូចជា៖ អាហារពេលព្រឹកតម្លៃ ៣ដុល្លារ/ម្នាក់ អាហារថ្ងៃត្រង់តម្លៃ ៤ដុល្លារ/ម្នាក់ និង អាហារពេលល្ងាចតម្លៃ ៤ដុល្លារ/ម្នាក់។
៥. អ្នកស្រី វន សុវ៉ានី កំពុងហាលកម្រាលពូក ខ្នើយ និង ភួយនៅខាងក្រោយផ្ទះអ្នកស្រី។ ការសំអាតសម្ភារទាំងនេះ ធ្វើឡើងជាប្រចាំ ដើម្បីធានាផាសុកភាពជូនភ្ញៀវ។ ជាមួយគ្នានេះ ផ្ទះស្នាក់របស់អ្នកស្រី ក៏មានសេវាបោកគក់សំលៀកបំពាក់ជូនភ្ញៀវដែលមកស្នាក់នៅរយៈពេលយូរផងដែរ៕