ក្រសួងយុត្តិធម៌ ពន្យល់ពីករណីលោក កឹម សុខា ក្រោយលោក សម រង្ស៊ី បបួលសម្តេច ហ៊ុន សែន ភ្នាល់គ្នា
- 2018-11-11 09:19:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងយុត្តិធម៌ ពន្យល់ពីករណីលោក កឹម សុខា ក្រោយលោក សម រង្ស៊ី បបួលសម្តេច ហ៊ុន សែន ភ្នាល់គ្នា
ចន្លោះមិនឃើញ
អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ពន្យល់អំពីករណីលោក កឹម សុខា ក្រោយលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ បានបបួលសម្តេច ហ៊ុន សែន ភ្នាល់គ្នារឿងទាក់ទងនឹងការដោះលែងលោក កឹម សុខា។
ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ដូចខាងក្រោម៖
១. លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្និដ្ឋិភាពជាមួយបរទេស ជាប្រភេទបទល្មើសក្បត់ជាតិ តាមបញ្ញត្តិមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលបទឧក្រិដ្ឋនេះ មានទោសជាប់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ។
២. លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ហើយត្រូវបានដោះលែងឱ្យនៅក្រៅឃុំ និងដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨។ យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ការឃុំខ្លួនដែលសម្រេចឡើងដោយចៅក្រមស៊ើបសួរសម្រាប់បទឧក្រិដ្ឋ គឺអាចមានរយៈពេល ៦ខែ និងអាចពន្យារពេលម្តងបាន ៦ខែ ចំនួនពីរដង។ ការណ៍ដែលលោក សម រង្ស៊ី ផ្តល់បទសម្ភាសជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយនិយាយថា ការឃុំខ្លួននេះ នឹងត្រូវបញ្ចប់យ៉ាងយូរនៅត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ គឺក្រសួងបញ្ជាក់ថា ជាការអះអាងដោយមិនចេះច្បាប់ និងខ្វះការយល់ដឹងអំពីនីតិវិធីតុលាការ។
ក្រសួងយុត្តិធម៌ថា លោក កឹម សុខា ត្រូវបានដាក់ឱ្យស្ថិតក្នុងរបបនៃការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងមិនស្ថិតក្រោមរបបនៃការឃុំខ្លួនបណ្តោះអាសន្ន ដែលទាក់ទងនឹងរយៈពេលនៃការឃុំខ្លួនបណ្តោះអាសន្ន ដែលមានយ៉ាងច្រើន ១៨ខែនោះឡើយ។ បើតាមក្រសួងដដែលនេះ បានហៅការអះអាងដែលថា ការឃុំខ្លួនបណ្តោះអាសន្នតាមច្បាប់បារាំងមានរយៈពេលមិនលើសពី ២ថ្ងៃ គឺជារឿងបោកប្រាស់ និងជាការនិយាយដោយបំភ័ន្ត។
សូមរំលឹកថា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក សម រង្ស៊ី បានសរសេរនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖ «តើលោក ហ៊ុន សែន ហ៊ានភ្នាល់ជាមួយខ្ញុំទេ? កាលពីថ្ងៃទី៧ វិច្ឆិកា កន្លងទៅនេះ លោក ហ៊ុន សែន បានអះអាងថា គាត់មិនងាយដោះលែងលោក កឹម សុខា ទេ ទាល់តែចាំសេះដុះស្នែង។ ខ្ញុំនៅតែជឿជាក់ថា ក្រោមសម្ពាធអន្តរជាតិ លោក ហ៊ុន សែន នឹងត្រូវបង្ខំចិត្តដោះលែងលោក កឹម សុខា ក្នុងពេលឆាប់ៗខាងមុខនេះ។ អាចថ្ងៃ២៩ ធ្នូ ២០១៨ ឬក៏យ៉ាងយូរបំផុត ថ្ងៃ៣ មីនា ២០១៩»។ នេះបើតាមការដកស្រង់របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ មកបង្ហាញក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន៕