កម្ពុជា​ វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ចូលរួម​របស់​ជប៉ុន ក្នុងការ​កសាង​សហគមន៍​អាស៊ាន

  • 2018-11-15 01:55:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​រួមចំណែក​ដ៏​សំខាន់​របស់​ជប៉ុន ក្នុងការ​កសាង​សហគមន៍​អាស៊ាន និងការ​ធ្វើ​សមាហរណកម្ម​អាស៊ាន។ នេះ​បើតាមការ​ថ្លែង​របស់សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​កំពូល អាស៊ាន-ជប៉ុន លើក​ទី២១ នៅប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។​

សម្តេច​បញ្ជាក់​ថា ការ​រួម​ចំណែក​របស់​ជប៉ុន​នេះ គឺ​ធ្វើឡើង​តាមរយៈ​មូលនិធិ​ជប៉ុន​សម្រាប់​សមាហរណកម្មអា​ស៊ាន ក៏ដូចជា​ក្នុងការ​បន្ត​គាំទ្រ​ដល់ការ​អនុវត្ត​ផែនការ​មេ ត​ភ្ជាប់​អាស៊ាន ២០២៥ និង​ផែនការ​ការងារ​ទី៣ នៃ​គំនិត​ផ្តួចផ្តើម​សម្រាប់​សមាហរណកម្ម​អាស៊ាន ២០១៦-២០២០ ដើម្បី​កាត់​បន្ថយ​គម្លាត​អភិវឌ្ឍន៍​ក្នុង​តំបន់ ជាពិសេស​ការ​គាំទ្រ​ដល់​ការក​សាង​ធនធាន​មនុស្ស​របស់​អាស៊ាន និង​ការ​លើក​កម្ពស់​ទំនាក់​ទំនង​រវាង​ប្រជាជន និង​ប្រជាជន។

មេដឹកនាំអាស៊ាន-ជប៉ុន ថតរូបអនុស្សាវរីយ៍ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២១ កាលពីថ្ងៃទី១៤ វិច្ឆិកា ២០១៨។ រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
បើតាម​ទំព័រ​ហ្វេសប៊ុក​សម្តេច ហ៊ុន សែន ឱ្យដឹង​ថា នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ មេដឹកនាំ​អាស៊ាន និង​ជប៉ុន បាន​សម្តែង​នូវការ​រីករាយ​ដោយបាន​ឃើញ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​អាស៊ាន-ជប៉ុន មាន​ទឹកប្រាក់​រហូត​ដល់ ២១៧,៩ពាន់លាន​ដុល្លារ ក្នុងឆ្នាំ​២០១៧។ សេចក្តីថ្លែងការណ៍​នេះ បាន​បញ្ជាក់​ឲ្យឃើញ​យ៉ាងច្បាស់​ថា ជប៉ុន​នៅតែ​ជាដៃ​គូ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​អាស៊ាន។

ជាមួយ​គ្នានេះ ហ៊ុន សែន បាន​មានប្រសាសន៍​ថា ក្នុង​ស្មារតី​នៃការ​បង្កើន​ទំហំ​ក៏ដូចជា​ពង្រីក​វិសាលភាព​នៃ​ពាណិជ្ជកម្ម​អាស៊ាន-ជប៉ុន កម្ពុជា​ ស្វាគមន៍​ចំពោះ​ការចុះហត្ថលេខា​លើ​ពិធីសារ​ទី១ ដើម្បី​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ស្តីពី​ភាព​ជាដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​រវាង​អាស៊ាន និង​ជប៉ុន។

នៅក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-ជប៉ុន លើកទី​២១នេះ មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន និង​ជប៉ុន បាន​ឯកភាពគ្នា​ ចេញ​សេចក្តី​ប្រកាស​របស់​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន-ជប៉ុន លើក​ទី២១។ សេចក្តីប្រកាស​រួម កិច្ចប្រជុំ​កំពូល​អាស៊ាន ជប៉ុន លើកទី២១ ដើម្បី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​៤៥ឆ្នាំ នៃ​មិត្តភាពនិង​កិច្ចសហប្រតិបត្តិការ​អាស៊ាន-ជប៉ុន។ របាយការណ៍​សង្ខេប​ស្តីពី​វឌ្ឍនភាព​នៃការ​អនុវត្ត​សេចក្តី​ថ្លែងការ​ចក្ខុវិស័យ អំពី​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​អាស៊ាន-ជប៉ុន និង​ពិធីសារ​ទី១ នៃកិច្ច​ព្រមព្រៀង​ស្តីពី​ភាព​ជាដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​រវាង​អាស៊ាន និង​ជប៉ុន៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;