មេធាវី ស្នើ​លើកលែង​ការ​ចោទ​ប្រកាន់ ដើម្បី​អាច​ឱ្យ​លោក កឹម សុខា ទៅ​ព្យាបាល​នៅក្រៅ​ប្រទេស

  • 2018-11-15 02:36:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ផែង ហេង មេធាវី​លោក កឹម សុខា បាន​ស្នើឱ្យ​តុលាការ​ លើកលែង​ការចោទ​ប្រកាន់​ ដើម្បី​បើក​ឱកាស​ឲ្យ​កូនក្ដី​របស់​ខ្លួន មាន​សិទ្ធិ​ទៅ​ព្យាបាល​នៅក្រៅប្រទេស ព្រោះថា ការ​ចោទប្រកាន់​កន្លង​មក​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់​បន្ទុក​ឡើយ។ នេះ​បើតាមការ​ចុះផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

​លោក ផែង ហេង បញ្ជាក់​ថា ស្ថានភាព​ជំងឺ​លោក កឹម សុខា បច្ចុប្បន្ន​គឺ​ត្រូវការ​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ដដែល ក៏ប៉ុន្តែ​លោក កឹម សុខា នៅ​រង់ចាំ​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់​ជាមុន​សិន ពីព្រោះ​ថា លិខិតឆ្លងដែន​របស់​លោក ក៏​ត្រូវ​បាន​ចៅក្រម​ដកហូត​ទុក​ដែរ។

លោក​មេធាវី លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «ក្រៅពី​វីដេអូ​ឃ្លីប​ដែល​តំណាង​អយ្យការ​យក​មក​ធ្វើជា​ភស្តុតាង និង​សាក្សី​មួយ ចំនួន ដែល​តុលាការ​យកមក​សំអាង តែ​ដោយសារតែ​នៅក្នុង​នីតិវិធី​ស៊ើបអង្កេត​ខ្ញុំ​មិន​ចង់​និយាយ​ឲ្យ​លម្អិត​ទេ។ តែ​ក្រោយពី​មេធាវី​ត្រួត​ពិនិត្យមើល​ គ្មាន​ភស្តុតាង​ណា​ដែល​តំណាង​អយ្យការ​យក​មក​ចោទប្រកាន់​នោះ​ទេ»។

អ្នកតវ៉ាម្នាក់ សុំឱ្យដោះលែងលោក កឹម សុខា ក្នុងពេលតុលាការបើកសវនាការលើសំណុំរឿងលោកនាពេលកន្លងមក
ក្រុម​មេធាវី ធ្លាប់​បាន​ដាក់​លិខិត​ទៅ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ខែ​មីនា ឆ្នាំ​២០១៨ ស្នើសុំ​លើកលែង​ការចោទប្រកាន់​លោក កឹម សុខា ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ការ​ឆ្លើយ​តបពី​តុលាការ​នៅឡើយ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​៧ វិច្ឆិកា​កន្លងទៅ សម្តេច ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​ទៅ​លោក សម រង្ស៊ី អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បបួល​​ភ្នាល់​ថា លោក កឹម សុខា នឹង​ត្រូវ​ដោះលែង​នៅ​ចុងខែ​ធ្នូ​ខាងមុខនេះ​។ សម្តេច ហ៊ុន សែន ឆ្លើយតប​វិញ​ថា "ចាំ​សេះ​ដុះ​ស្នែង" ​ទើប​លោក កឹម សុខា ត្រូវបាន​ដោះលែង។

លោក កឹម សុខា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ សម្រេច​ឃុំខ្លួន​កាលពីថ្ងៃទី៥ ខែ​កញ្ញា ឆ្នាំ​២០១៧ ហើយ​ត្រូវបាន​ដោះលែង​ឱ្យនៅក្រៅឃុំ និង​ដាក់ឱ្យ​ស្ថិត​នៅក្រោម​ការ​ត្រួតពិនិត្យ តាមផ្លូវ​តុលាការ​កាលពី​ថ្ងៃទី៩ ខែ​កញ្ញា ឆ្នាំ​២០១៨។ អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ  ត្រូវបាន​ចោទ​ប្រកាន់​ពីបទ​សន្និដ្ឋិភាព​ជាមួយ​បរទេស ជាប្រភេទ​បទល្មើស​ក្បត់ជាតិ តាម​បញ្ញត្តិមាត្រា៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បទឧក្រិដ្ឋនេះ មាន​ទោស​ជាប់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ៕

អត្ថបទ​ទាក់ទង

ប្រភព៖ Radio Free Asia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;