លោក កឹម សុខា មាន​សិទ្ធិ​ជួប​បុគ្គល​នានា ដែល​មិនស្ថិត​ក្នុង​បញ្ជី​ហាមឃាត់​របស់​តុលាការ

  • 2018-09-20 02:14:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

លោក គី ប្ញទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ដាក់​លោក កឹម សុខា ឲ្យ​ស្ថិតនៅ​ក្រោមការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ជំនួស​ឲ្យ​វិធានការ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន ​តែមាន​សិទ្ធិជួ​បប្រាស្រ័យ​ទាក់ទង​ជាមួយ​បុគ្គល​នានា ដែលមិន​ស្ថិតនៅ​ក្នុង​បញ្ជី​ហាមឃាត់​របស់​តុលាការ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៩ កញ្ញា​ ២០១៨​ បាន​ឲ្យដឹង​ថា៖ «ករណី​ជនត្រូវ​ចោទឈ្មោះ កឹម សុខា ដែលត្រូវ​បាន​ដាក់ឲ្យ​ស្ថិតក្រោម ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ខាងលើ​នេះ​ពុំមែន​ជាករណី​នៃការ​ឃុំខ្លួន​នៅក្នុងផ្ទះ​នោះទេ»។

សេចក្ដីថ្លែងការណ៍​បន្ត​ថា ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ ក្នុងការ​ហាមឃាត់ ជន​ត្រូវ​ចោទឈ្មោះ កឹម សុខា មិនឲ្យ​ចាកចេញ​ពី​ព្រំប្រទល់​ដី​ណាមួយ​ជា​កំណត់ គឺជា​សិទ្ធិ​អំណាច​របស់​ចៅក្រម​ស៊ើបសួរ ដែល​ធ្វើឡើង​ស្របតាម​មាត្រា​២២៣ កថាខណ្ឌ​ទី២ ចំណុច​ទី១ នៃក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ ដោយ​ផ្អែកលើ​ហេតុផល ផ្នែក​សន្តិសុខ​សុវត្ថិភាព​របស់​ជនត្រូវ​ចោទ និង​ដើម្បី​ធានា​ថា ជនត្រូវចោទ​នឹង​មិន​រត់គេចខ្លួន​ពី​នីតិវិធី​តុលាការ។

លោក កឹម សុខា ក្នុងពេលជួបម្តាយ និងក្រុមគ្រួសារ នៅផ្ទះរបស់លោក កាលពីថ្ងៃទី១៦កញ្ញា ២០១៨។ រូបថត៖ FB លោក យ៉ែម ប៉ុញ្ញារិទ្ធ

«ក្នុងន័យនេះ​ជនត្រូវ​ចោទ ​មាន​សេរីភាព គ្រប់គ្រាន់​ក្នុងការ​ចេញពី​ផ្ទះ​របស់ខ្លួន​ក្នុង​ព្រំប្រទល់​ដែនដី​ដែល​កំណត់ដោយ​ដីកា​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ និងអាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បុគ្គល​នានា​ដែលអាច​មាន​ការ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ជាមួយ​ជនត្រូវ​ចោទ ហើយដែល​តុលាការ​កំពុងមាន​ចំណាត់ការ»។ សាលា​ដំបូង​រាជធានី​ភ្នំពេញ បញ្ជាក់​បន្ថែម។

កាលពី​ម្សិលមិញ​នេះ សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោក កឹម សុខា មិនទាន់​បានរួច​ទោស​នោះទេ គ្រាន់តែ​ផ្លាស់ប្តូរ​ទីតាំង​ឃុំឃាំង​ប៉ុណ្ណោះ ដោយ​បារម្ភ​ខ្លាចលោក​មានគ្រោះថ្នាក់​សុខភាព​ក្នុងពន្ធនាគារ។ ប៉ុន្តែ​សម្តេច​បញ្ជាក់​ថា កម្ពុជា មិនទាន់​មាន​ច្បាប់​ឃុំឃាំង​ក្នុងផ្ទះ​នៅឡើយ៖ «នៅ​ប្រទេស​របស់​យើង​ មិនទាន់​មាន​ច្បាប់​ឃុំខ្លួន​ក្នុងផ្ទះ​ទេ វា​នៅ​ចន្លោះ​កន្លែង​ហ្នឹង តុលាការ​គេ​កំណត់​តំបន់​មួយ ឱ្យ​មនុស្ស​ស្នាក់នៅ ហើយគេ​អាច​ចង្អុល​ឱ្យ​ស្នាក់នៅ​ក្នុងផ្ទះ​ហ្នឹង​តែម្តង»។

សូម​រំលឹក​ថា កាលពី​ព្រឹក​ទាបភ្លឺ​ថ្ងៃ១០​កញ្ញា លោក កឹម សុខា អតីត​ប្រធាន​នៃអតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​ចេញពី​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ។ លោក​​ត្រូវបាន​ដឹកមក​ដល់​គេហដ្ឋាន​របស់​លោក​វិញ​នៅ​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ៕

រូបភាពនៅមុខផ្ទះលោក កឹម សុខា ក្រោយពេលលោកត្រូវបានបញ្ជូនមកវិញ កាលពីថ្ងៃទី១០កញ្ញា ២០១៨

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ សំភី