ទំនប់​វារីអគ្គិសនី​ដ៏​ធំជាង​គេ​បំផុត​​នៅ​កម្ពុជា នឹងត្រូវ​សម្ពោធ​មុន​ដំណាច់​ឆ្នាំ​នេះ

  • 2018-11-15 04:31:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​រ៉ែ និង​ថាមពល បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ថា ពិធី​សម្ពោធ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២ អានុភាព ៤០០​មេហ្គាវ៉ាត់​ដែល​ធំជាង​គេ​​បំផុត​នៅ​កម្ពុជា នឹង​ត្រូវ​ប្រារព្ធ​ធ្វើឡើង​មុន​ដំណាច់​ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោក ស៊ុយ សែម រដ្ឋមន្រ្តី​ក្រសួងរ៉ែ និង​ថាមពល បាន​ដឹកនាំ​គណៈ​ប្រតិភូ​ប្រជុំ​ពិភាក្សា​ និង​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​កម្មវិធី​សម្ពោធ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២​នេះ នៅខេត្ត​ស្ទឹងត្រែង កាលពី​ថ្ងៃទី​១៣ និង​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

លោក ស៊ុយ សែម ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធទំនប់វារីអគ្គិសនីសេសានក្រោម២។ រូបថត៖ ក្រសួងរ៉ែ
សូម​ជម្រាប​ថា ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ​ស្ថិតនៅក្នុង​ឃុំ​ភ្លុក ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង។ ទំនប់​វារី​អគ្គិសនី​តម្លៃ​ជាង ៧៨១លាន​ដុល្លារ​នេះ ត្រូវបាន​សាងសង់​ឡើង​ក្រោម​ការ​បណ្តាក់​ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន​​  Hydrolancang International Energy កាន់កាប់​ភាគហ៊ុន ៥១ ភាគរយ, ក្រុមហ៊ុន Royal Group របស់​លោក​ឧកញ៉ា គិត ម៉េង មាន​ភាគហ៊ុន ៣៩​ ភាគរយ និង​ក្រុមហ៊ុន EVN មកពី​ប្រទេសវៀតណាម​ មាន​ភាគហ៊ុន ១០​​ ភាគរយ។

សេសាន​ក្រោម២ ត្រូវបាន​ចាប់ផ្តើម​សាងសង់​កាលពី​ឆ្នាំ​២០១៤ ហើយ​ចាប់ផ្តើម​ផលិត​អគ្គិសនី​បាន​ជា​លើក​ដំបូង កាលពីដើម​ខែធ្នូ ឆ្នាំ២០១៧ ដោយ​តួប៊ីនទី១ កម្លាំង ៥០​មេហ្គាវ៉ាត់។

គួរ​រំលឹក​ថា កាលពី​ខែ​កញ្ញា​ឆ្នាំ​២០១៧ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ក៏បាន​អញ្ជើញ​ធ្វើជា​អធិបតី​ភាពនៅ​ក្នុង​ពិធី​បិទ​ទ្វារ​ទឹក​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២ ​ដើម្បី​សន្សំ​ទឹក​ទុក​ដំណើការ​តួប៊ីន​នេះ​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;