ស្រីលង្កា គ្មាន​ទាំង​នាយករដ្ឋមន្រ្តី និង​គណៈរដ្ឋមន្រ្តី ក្រោយ​សភា​បោះឆ្នោត​មិន​ទុកចិត្ត

  • 2018-11-15 06:40:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Karu Jayasuriya ប្រធាន​សភា​ស្រីលង្កា នៅ​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ២០១៨​នេះ បាន​បញ្ជាក់​ថា នៅ​ក្នុង​ទស្សនៈ​របស់​លោក ប្រទេស​នេះ​គ្មាន​ទាំង​នាយករដ្ឋមន្រ្តី និង​គណៈរដ្ឋមន្រ្តី ក្រោយ​សភា​បោះឆ្នោត​មិន​ផ្ដល់​សេចក្តីទុកចិត្ត កាលពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ២០១៨ ម្សិលមិញ។

សមាជិកសភា​ស្រីលង្កាតវ៉ានៅ​មុខ​ប្រធាន​សភា/ រូបភាព៖ Reuters
សភា​ស្រីលង្កា​បាន​បោះឆ្នោត​មិន​ផ្ដល់​សេចក្តីទុក​ចិត្ត​ដល់​លោក​នាយករដ្ឋមន្រ្តី Mahinda Rajapaksa និង​រដ្ឋាភិបាល​របស់​លោក​ដែល​ត្រូវ​បាន​ជ្រើសតាំង​ដោយ​លោក​ប្រធានាធិបតី​ស្រីលង្កា Maithripala Sirisena កាលពី​ពេល​ថ្មីៗ​នេះ។ សភា​ស្រីលង្កា​បាន​បោះឆ្នោត​មិន​ផ្ដល់​សេចក្តីទុកចិត្ត​ដោយ​សំឡេង ១២២​លើ ២២៥ នៃ​សមាជិក​សភា​ស្រីលង្កា​សរុប។

ចំណែក​លោក​ប្រធានាធិបតី​ស្រីលង្កា​បាន​បញ្ជាក់​ក្នុង​សំបុត្រ​ដែល​ផ្ញើ​ទៅ​ប្រធាន​សភា​ថា លោក​មិន​អាច​ទទួល​យក​នូវ​ការ​បោះឆ្នោត​ដែល​មិន​ផ្ដល់​សេចក្តីទុក​ចិត្ត​នោះ​ទេ ខណៈ​ប្រធាន​សភា​ហាក់ដូច​ជា​បាន​បំភ្លេច​ធម្មនុញ្ញ នីតិវិធី និង​ទម្លាប់​សភា។

លោក​ប្រធានាធិបតី​ស្រីលង្កា អ្នក​ដែល​បាន​បង្ក​ឲ្យ​មាន​វិបត្តិ​នយោបាយ បាន​​ដក​តំណែង​នាយករដ្ឋមន្រ្តី ចេញពី​លោក Ranil Wickremesinghe ហើយ​តែងតាំង​លោក Rajapaksa វិញ កាលពី​ចុងខែ​តុលា ២០១៨ កន្លង​ទៅ រំលាយ​សភា​កាលពី​សប្ដាហ៍​មុន និង​បញ្ជា​ឲ្យ​មាន​ការ​បោះឆ្នោត ដែលជា​មធ្យោបាយ​ដោះស្រាយ​ការ​ជាប់គាំង​នយោបាយ។

ប៉ុន្ដែ​តុលាការ​កំពូល​ស្រីលង្កា​បាន​បញ្ជា​ឲ្យ​ផ្អាក​បទបញ្ជា​របស់​លោក​ប្រធានាធិបតី​ស្រីលង្កា កាលពី​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា ២០១៨ កន្លង​ទៅ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;