ថ្ងៃនេះឆ្នាំមុន គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយ
- 2018-11-16 01:57:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃនេះឆ្នាំមុន គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយ
ចន្លោះមិនឃើញ
កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងផ្អាកសកម្មភាពនយោបាយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន១១៨រូប រយៈពេល ៥ឆ្នាំ។
ការបើកសវនាការរំលាយគណបក្សសង្គ្រោះជាតិ ធ្វើឡើងបន្ទាប់ពីមេធាវីតំណាងឲ្យក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ បានដាក់ពាក្យបណ្តឹងប្តឹងរំលាយគណបក្សសង្គ្រោះជាតិ ទៅតុលាការកំពូល ពាក់ព័ន្ធនឹងករណីរៀបចំផែនការឃុបឃិតជាសម្ងាត់ជាមួយបរទេស ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ភ្លាមៗ ក្រោយការសម្រេចរំលាយគណបក្សសង្គ្រោះជាតិ សម្ដេច ហ៊ុន សែន បានថ្លែងគាំទ្រចំពោះសេចក្ដីសម្រេចរបស់តុលាការកំពូល ព្រមទាំងបានអំពាវនាវឲ្យមេឃុំ ចៅសង្កាត់ ជំទប់ ក្រុមប្រឹក្សាឃុំសង្កាត់ ក្រុងស្រុកខណ្ឌ ខណ្ឌ រាជធានី របស់គណបក្សសង្រ្គោះជាតិ ឲ្យចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។
ដោយឡែកគណបក្សសង្រ្គោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសចំពោះសេចក្ដីសម្រេចនេះ។ គណបក្សនេះ បានលើកហេតុផលមួយចំនួនថា ការសម្រេចនេះធ្វើឡើងដោយមានចរិតនយោបាយ ក្រោមការគាបសង្កត់ និងតាមបំណងគណបក្សកាន់អំណាច រំលោភបំពាន ឆន្ទៈប្រជាពលរដ្ឋខ្មែរ និងបំផ្លាញគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សជាដើម៕